30 កាលសេប៊ុល ជាចៅហ្វាយទីក្រុង បានឮពាក្យរបស់កាអាល ជាកូនអេបេឌដូច្នោះ ក៏កើតមានសេចក្ដីកំហឹងឡើង
31 រួចលោកចាត់គេឲ្យទៅជំរាបអ័ប៊ីម៉្មាឡិចដោយសំងាត់ថា មើល ឥឡូវកាអាល ជាកូនអេបេឌ និងបងប្អូនវា បានមកដល់ស៊ីគែមហើយ គេញុះញង់ទីក្រុងឲ្យបះបោរទាស់នឹងលោក
32 ដូច្នេះ សូមឲ្យលោក និងពួកអ្នកដែលកាន់ខាងលោក រៀបចំទៅបង្កប់ខ្លួនទាំងយប់នៅទីវាលទៅ
33 រួចដល់វេលាព្រឹក កាលថ្ងៃទើបនឹងរះ នោះសូមលោកក្រោកឡើង សង្ខុញចូលមកឯទីក្រុងតែម្តង យ៉ាងនោះ លុះកាលវា និងពួកអ្នកដែលកាន់ខាងវា ចេញទៅច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវា តាមតែមានឱកាសចុះ។
34 ខណៈនោះ អ័ប៊ីម៉្មាឡិច និងអស់មនុស្សដែលកាន់ខាងលោក ក៏ក្រោកឡើងទាំងយប់ នាំគ្នាទៅបង្កប់ខ្លួនជា៤ពួក ដើម្បីច្បាំងនឹងពួកក្រុងស៊ីគែម
35 ឯកាអាល ជាកូនអេបេឌ ក៏ចេញទៅឈរនៅមាត់ទ្វារក្រុង រួចអ័ប៊ីម៉្មាឡិច និងពួកអ្នកដែលនៅជាមួយ ក៏ងើបចេញពីទីបង្កប់ខ្លួនមក
36 កាលកាអាលបានឃើញគេ ក៏ប្រាប់ដល់សេប៊ុលថា មើល មានមនុស្សចុះពីភ្នំនោះមកហើយ តែសេប៊ុលឆ្លើយថា នោះជាស្រមោលភ្នំទេ ដែលអ្នកមើលទៅឃើញដូចជាមនុស្សវិញ