ចៅហ្វាយ 9:38-44 KHOV

38 នោះ​សេប៊ុល​ឆ្លើយ​ថា តើ​សំដី​ឯង​នៅ​ឯ​ណា​ឥឡូវ ដែល​ឯង​បាន​ថា តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្វី ដែល​យើង​ត្រូវ​កោត‌ខ្លាច​ដល់​វា គឺ​មនុស្ស​ទាំង​នោះ​ហើយ ដែល​ឯង​បាន​មើល‌ងាយ​ទេ​តើ ដូច្នេះ ចូរ​ចេញ​ទៅ​ច្បាំង​នឹង​គេ​ឥឡូវ​នេះ​ចុះ

39 កាអាល​ក៏​នាំ​មុខ​ពួក​មនុស្ស​នៅ​ស៊ីគែម ចេញ​ទៅ​ច្បាំង​នឹង​អ័ប៊ី‌ម៉្មា‌ឡិច

40 តែ​អ័ប៊ី‌ម៉្មា‌ឡិច​ប្រដេញ​គាត់​វិញ ហើយ​គាត់​ក៏​រត់​ពី​មុខ​គេ​ទៅ មាន​មនុស្ស​ជា​ច្រើន​បាន​ដួល ដោយ​ត្រូវ​របួស រហូត​ដល់​មាត់​ទ្វារ​ទី​ក្រុង។

41 ឯ​អ័ប៊ី‌ម៉្មា‌ឡិច លោក​ក៏​អាស្រ័យ​នៅ​ត្រង់​អារូម៉ា ហើយ​សេប៊ុល​បាន​បណ្តេញ​កាអាល និង​បង​ប្អូន​គេ មិន​ឲ្យ​នៅ​ស៊ីគែម​ទៀត​ទេ

42 រួច​ដល់​ថ្ងៃ​ស្អែក​ឡើង បណ្តា‌ជន​ក៏​ចេញ​ទៅ​ត្រៀម​នៅ​ឯ​វាល ហើយ​មាន​គេ​ទៅ​ជំរាប​ដល់​អ័ប៊ី‌ម៉្មា‌ឡិច

43 នោះ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ចែក​ពួក​ទ័ព​ជា​៣​ផ្នែក នាំ​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​វាល តែ​កាល​លោក​ក្រឡេក​មើល​ទៅ​ឃើញ​ពួក​បណ្តា‌ជន កំពុង​ចេញ​ពី​ទី​ក្រុង​មក​ទៀត នោះ​ក៏​ក្រោក​ស្ទុះ​ចូល​ទៅ​វាយ​គេ

44 រួច​លោក និង​ពួក​ទ័ព​១​ផ្នែក​ដែល​នៅ​ជា​មួយ ក៏​រត់​ទៅ​ពី​ខាង​មុខ ឈរ​នៅ​មាត់​ទ្វារ​ក្រុង ឯ​ពួក​ទ័ព​២​ផ្នែក​ឯ​ទៀត ក៏​ស្ទុះ​ចូល​ទៅ​វាយ​ពួក​ដែល​នៅ​ឯ​វាល​នោះ