ចៅហ្វាយ 9:48-54 KHOV

48 នោះ​អ័ប៊ី‌ម៉្មា‌ឡិច ព្រម​ទាំង​ពួក​ទ័ព​ដែល​នៅ​ជា​មួយ ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល‌ម៉ូន លោក​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​១​លី​ទៅ ហើយ​បង្គាប់​ដល់​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ថា ចូរ​ឯង​រាល់​គ្នា​ប្រញាប់​នឹង​ធ្វើ​តាម ដូច​ជា​អញ​ចុះ

49 ដូច្នេះ គេ​ក៏​កាប់​មែក​ឈើ​រៀង​ខ្លួន​លី​ទៅ​តាម រួច​ដាក់​មែក​ឈើ​ទាំង​នោះ នៅ​ត្រង់​ជើង​បន្ទាយ ហើយ​ដុត​បញ្ឆេះ​ពី​លើ​គេ​ទៅ ដូច្នេះ ពួក​មនុស្ស​ដែល​នៅ​ប៉ម​ស៊ីគែម​ទាំង​ប៉ុន្មាន ក៏​ស្លាប់​អស់ ទាំង​ប្រុស​ទាំង​ស្រី មាន​ចំនួន​ប្រហែល​ជា​១​ពាន់​នាក់។

50 រួច​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ទៅ​ដល់​ថេបេស បោះ​ទ័ព​ទាស់​នឹង​គេ ហើយ​ចាប់​យក​ទី​ក្រុង​បាន

51 តែ​នៅ​ក្នុង​ទី​ក្រុង​នោះ មាន​ប៉ម​១​មាំ‌មួន​ណាស់ ឯ​ពួក​មនុស្ស​នៅ​ក្រុង​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី គេ​ក៏​រត់​ទៅ​ជ្រក​នៅ​ប៉ម​នោះ រួច​បិទ​ទ្វារ​នាំ​គ្នា​ឡើង​ទៅ​ដល់​កំពូល

52 អ័ប៊ី‌ម៉្មា‌ឡិច​ក៏​មក​ច្បាំង​នឹង​ទី​ប៉ម ហើយ​ចូល​ទៅ​ដល់​មាត់​ទ្វារ ដើម្បី​នឹង​បង្កាត់​ភ្លើង​ដុត​ចោល

53 ខណៈ​នោះ មាន​ស្ត្រី​ម្នាក់​យក​គ្រប​ត្បាល់​កិន បោះ​មក​លើ ត្រូវ​បែក​ក្បាល​អ័ប៊ី‌ម៉្មា‌ឡិច​ទៅ

54 ដូច្នេះ លោក​ហៅ​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក មក​ជា​ប្រញាប់​ប្រាប់​ថា ចូរ​ឯង​ហូត​ដាវ​មក​សំឡាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ដំនៀល​ថា មាន​ស្រី​បាន​សំឡាប់​អញ​នោះ​ឡើយ ដូច្នេះ មនុស្ស​កំឡោះ​នោះ ក៏​ចាក់​ទំលុះ​លោក​សំឡាប់​ចោល​ទៅ