14 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា នឹងកើតមានការអាក្រក់ ផុលចេញពីទិសខាងជើង មកលើពួកអ្នកស្រុកទាំងអស់
15 ដ្បិតមើល អញនឹងហៅគ្រប់ទាំងគ្រួសារនៃនគរទាំងប៉ុន្មាននៅខាងជើង ហើយគេនឹងមកតាំងបល្ល័ង្ករបស់គេរៀងខ្លួន នៅត្រង់មាត់ទ្វារក្រុងយេរូសាឡិម ទល់នឹងកំផែងទីក្រុងព័ទ្ធជុំវិញ ហើយទល់នឹងទីក្រុងរបស់ស្រុកយូដាទាំងអស់ផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
16 នោះអញនឹងធ្វើទោសដល់ទីក្រុងទាំងនោះ ដោយព្រោះសេចក្តីទុច្ចរិតរបស់គេទាំងប៉ុន្មាន គឺដែលគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ព្រមទាំងថ្វាយបង្គំចំពោះរបស់ដែលដៃខ្លួនគេបានធ្វើផង
17 ដូច្នេះ ចូរឲ្យឯងក្រវាត់ចង្កេះ ហើយក្រោកឡើងទៅប្រាប់ដល់គេ តាមគ្រប់ទាំងសេចក្តីដែលអញបង្គាប់ឯងចុះ កុំឲ្យស្រយុតចិត្តចំពោះគេឡើយ ក្រែងអញធ្វើឲ្យឯងស្រយុតចិត្តនៅមុខគេជាពិត
18 ដ្បិតមើល នៅថ្ងៃនេះអញបានតាំងឯងឡើង ទុកជាទីក្រុងត្រៀមដោយគ្រឿងចំបាំង ជាសសរដែក ហើយជាកំផែងលង្ហិន សំរាប់តនឹងស្រុកទាំងមូល និងស្តេចទាំងប៉ុន្មាននៃសាសន៍យូដា ព្រមទាំងតនឹងពួកចៅហ្វាយ និងពួកសង្ឃ ហើយនឹងបណ្តាជនទាំងឡាយនៅស្រុកនេះផង
19 គេនឹងតនឹងឯងតែមិនឈ្នះឯងឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឯងឲ្យរួច នេះជាព្រះបន្ទូលនៃព្រះយេវ៉ា។