3 ក៏មានមកដល់ នៅក្នុងរាជ្យយ៉ូយ៉ាគីម ជាបុត្រយ៉ូសៀស ជាស្តេចស្រុកយូដា ដរាបដល់ផុតឆ្នាំទី១១ ក្នុងរាជ្យសេដេគា ជាបុត្រយ៉ូសៀស ដែលជាស្តេចស្រុកយូដា គឺដល់ខែស្រាពណ៍ ជាគ្រាដែលពួកក្រុងយេរូសាឡិម ត្រូវចាប់ដឹកនាំទៅជាឈ្លើយនោះឯង។
4 រីឯព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
5 មុនដែលអញបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសំរាលចេញពីផ្ទៃមក នោះអញបានញែកឯងជាបរិសុទ្ធផង ក៏បានតាំងឯងឡើងជាហោរា ដល់អស់ទាំងសាសន៍
6 នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ
7 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យថាឯងជាមនុស្សក្មេងឡើយ ដ្បិតបើអញចាត់ឯងឲ្យទៅឯអ្នកណា នោះឯងត្រូវតែទៅ ហើយសេចក្តីអ្វីដែលអញបង្គាប់ឯង នោះឯងត្រូវតែប្រាប់ដែរ
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឲ្យឯងរួច
9 នោះព្រះយេហូវ៉ាទ្រង់លូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ