យេរេមា 10:14-20 KHOV

14 គ្រប់​ទាំង​មនុស្ស​បាន​ទៅ​ជា​កំរោល ហើយ​ឥត​មាន​ចំណេះ គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្តី​កំភូត​ទទេ ឥត​មាន​ដង្ហើម​ឡើយ

15 វា​សុទ្ធ​តែ​អសារ‌ឥត‌ការ ជា​ការ​បញ្ឆោត​ហើយ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល នោះ​វា​នឹង​វិនាស​បាត់​ទៅ

16 ឯ​ព្រះ​របស់​ពួក​យ៉ាកុប​មិន​មែន​ដូច​វា​ទេ គឺ​ទ្រង់​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​វិញ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

17 ឱ​ឯង ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ​អើយ ចូរ​ប្រមូល​អីវ៉ាន់​ឯង ចេញ​ពី​ស្រុក​ទៅ

18 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល ឥឡូវ​នេះ​អញ​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ​ចេញ ហើយ​នឹង​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​អញ​ផង។

19 វរ‌ហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្តី​ឈឺ​ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា នេះ​ហើយ​ជា​សេចក្តី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំទ្រ

20 ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ