យេរេមា 10:16-22 KHOV

16 ឯ​ព្រះ​របស់​ពួក​យ៉ាកុប​មិន​មែន​ដូច​វា​ទេ គឺ​ទ្រង់​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​វិញ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

17 ឱ​ឯង ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ​អើយ ចូរ​ប្រមូល​អីវ៉ាន់​ឯង ចេញ​ពី​ស្រុក​ទៅ

18 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល ឥឡូវ​នេះ​អញ​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ​ចេញ ហើយ​នឹង​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​អញ​ផង។

19 វរ‌ហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្តី​ឈឺ​ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា នេះ​ហើយ​ជា​សេចក្តី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំទ្រ

20 ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ

21 ដ្បិត​ពួក​អ្នក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​កំរោល​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចំរើន ហើយ​ហ្វូង​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ

22 មាន​ឮ​សូរ‌សព្ទ ពី​ការ​កោលា‌ហល​ជា​ខ្លាំង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា ទៅ​ជា​ទី​បំផ្លាញ​បង់ ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។