យេរេមា 11:17-23 KHOV

17 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​ដាំ​ឯង ទ្រង់​បាន​ប្រកាស​សេចក្តី​អាក្រក់​ទាស់​នឹង​ឯង​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា ជា​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ខ្លួន​គេ ដោយ​បណ្តាល​ឲ្យ​អញ​ខឹង ព្រោះ​ការ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល។

18 ព្រះ‌យេហូវ៉ា ទ្រង់​បាន​សំដែង ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កិរិយា​របស់​គេ

19 ឯ​ខ្ញុំ​បាន​ដូច​ជា​កូន​ចៀម​ស្លូត ដែល​គេ​នាំ​ទៅ​ឯ​ទី​សំឡាប់ ខ្ញុំ​មិន​បាន​ដឹង​ជា​គេ​គិត​ឧបាយ​ទាស់​នឹង​ខ្ញុំ​សោះ គេ​ថា ចូរ​យើង​បំផ្លាញ​ទាំង​ដើម និង​ផល​ផង ចូរ​យើង​កាត់​វា​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​ទៅ ដើម្បី​មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ពី​ឈ្មោះ​វា​ទៀត​ឡើយ

20 តែ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ជំនុំ‌ជំរះ​ដោយ​សុចរិត ហើយ​ក៏​ល្បង​ល​ចិត្ត​នឹង​គំនិត​អើយ ទូល‌បង្គំ​នឹង​ឃើញ​ទ្រង់​សង‌សឹក​ដល់​គេ​ជា​មិន​ខាន ដ្បិត​ទូល‌បង្គំ​បាន​សំដែង​ដើម​ហេតុ​របស់​ទូល‌បង្គំ ថ្វាយ​ទ្រង់​ជ្រាប​ហើយ

21 ហេតុ​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​មនុស្ស នៅ​ក្រុង​អាន៉ាថោត ដែល​រក​ជីវិត​ខ្ញុំ​ដោយ​ពោល​ថា មិន​ត្រូវ​ឲ្យ​ឯង​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទៀត​ឡើយ ក្រែង​ឯង​ស្លាប់​ដោយ​ដៃ​របស់​យើង

22 គឺ​ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ធ្វើ​ទោស​គេ ពួក​កំឡោះៗ​នឹង​ស្លាប់​ដោយ​ដាវ ពួក​កូន​ប្រុស​កូន​ស្រី​របស់​គេ​នឹង​ស្លាប់​ដោយ​អំណត់‌អត់

23 ហើយ​នឹង​គ្មាន​សំណល់​សល់​ដល់​គេ​ឡើយ ដ្បិត​នៅ​ឆ្នាំ​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​ក្រុង​អាន៉ាថោត នោះ​អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​គេ​ជា​ពិត។