18 ព្រះយេហូវ៉ា ទ្រង់បានសំដែង ឲ្យខ្ញុំដឹងពីការនេះ ទ្រង់បានបង្ហាញឲ្យខ្ញុំឃើញកិរិយារបស់គេ
19 ឯខ្ញុំបានដូចជាកូនចៀមស្លូត ដែលគេនាំទៅឯទីសំឡាប់ ខ្ញុំមិនបានដឹងជាគេគិតឧបាយទាស់នឹងខ្ញុំសោះ គេថា ចូរយើងបំផ្លាញទាំងដើម និងផលផង ចូរយើងកាត់វាចេញពីស្ថានរបស់មនុស្សរស់ទៅ ដើម្បីមិនឲ្យអ្នកណានឹកចាំពីឈ្មោះវាទៀតឡើយ
20 តែ ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលជំនុំជំរះដោយសុចរិត ហើយក៏ល្បងលចិត្តនឹងគំនិតអើយ ទូលបង្គំនឹងឃើញទ្រង់សងសឹកដល់គេជាមិនខាន ដ្បិតទូលបង្គំបានសំដែងដើមហេតុរបស់ទូលបង្គំ ថ្វាយទ្រង់ជ្រាបហើយ
21 ហេតុនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរពួកមនុស្ស នៅក្រុងអាន៉ាថោត ដែលរកជីវិតខ្ញុំដោយពោលថា មិនត្រូវឲ្យឯងទាយដោយនូវព្រះនាមព្រះយេហូវ៉ាទៀតឡើយ ក្រែងឯងស្លាប់ដោយដៃរបស់យើង
22 គឺហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងធ្វើទោសគេ ពួកកំឡោះៗនឹងស្លាប់ដោយដាវ ពួកកូនប្រុសកូនស្រីរបស់គេនឹងស្លាប់ដោយអំណត់អត់
23 ហើយនឹងគ្មានសំណល់សល់ដល់គេឡើយ ដ្បិតនៅឆ្នាំដែលអញនឹងធ្វើទោសដល់ពួកក្រុងអាន៉ាថោត នោះអញនឹងនាំសេចក្តីអាក្រក់មកលើគេជាពិត។