5 ដើម្បីឲ្យអញបានធ្វើសំរេចតាមសេចក្តីសម្បថ ដែលអញបានស្បថនឹងពួកព្ធយុកោឯងរាល់គ្នាថា នឹងឲ្យគេបានស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចជាយ៉ាងសព្វថ្ងៃនេះ នោះខ្ញុំក៏ទូលឆ្លើយថា អាម៉ែន ព្រះយេហូវ៉ាអើយ។
6 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរប្រកាសប្រាប់អស់ទាំងពាក្យនេះ នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅផ្លូវទាំងប៉ុន្មាននៃក្រុងយេរូសាឡិមដែរថា ចូរស្តាប់អស់ទាំងពាក្យនៃសេចក្តីសញ្ញានេះ ហើយប្រព្រឹត្តតាមចុះ
7 ដ្បិតនៅថ្ងៃដែលអញបាននាំពួកព្ធយុកោឯងរាល់គ្នាឡើងរួចពីស្រុកអេស៊ីព្ទ ដរាបមកដល់សព្វថ្ងៃនេះ នោះអញបាននិយាយយ៉ាងម៉ឺងម៉ាត់ដល់គេ ព្រមទាំងខ្នះខ្នែងប្រាប់គេ តាំងពីព្រលឹមស្រាងថា ចូរស្តាប់តាមពាក្យអញចុះ
8 តែគេមិនបានស្តាប់តាមទេ ក៏មិនបានផ្ទៀងត្រចៀកផង គឺបានប្រព្រឹត្តតាមតែសេចក្តីរឹងចចេសនៅក្នុងចិត្តអាក្រក់របស់គេរៀងខ្លួនវិញ ហេតុនោះអញបាននាំគ្រប់ទាំងពាក្យនៃសេចក្តីសញ្ញានេះមកលើគេ គឺជាសេចក្តីដែលអញបានបង្គាប់ឲ្យគេប្រព្រឹត្តតាម តែគេមិនបានប្រព្រឹត្តតាមសោះ។
9 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ឃើញមានគំនិតគិតក្បត់កើតឡើង នៅក្នុងពួកមនុស្សនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡិមដែរ
10 គេបានវិលត្រឡប់ទៅតាមអំពើទុច្ចរិតរបស់ពួកព្ធយុកោគេ ដែលមិនព្រមស្តាប់តាមពាក្យអញ គេបានទៅតាមព្រះដទៃផ្សេងៗ ដើម្បីនឹងគោរពវាវិញ ពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដាបានផ្តាច់សេចក្តីសញ្ញា ដែលអញបានតាំងនឹងពួកព្ធយុកោគេហើយ
11 ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើគេ ជាសេចក្តីដែលគេមិនអាចនឹងគេចរួចចេញបានឡើយ នោះគេនឹងអំពាវនាវដល់អញ តែអញនឹងមិនព្រមស្តាប់ទេ