យេរេមា 11:7-13 KHOV

7 ដ្បិត​នៅ​ថ្ងៃ​ដែល​អញ​បាន​នាំ​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​អញ​បាន​និយាយ​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់​គេ ព្រម​ទាំង​ខ្នះ‌ខ្នែង​ប្រាប់​គេ តាំង​ពី​ព្រលឹម​ស្រាង​ថា ចូរ​ស្តាប់​តាម​ពាក្យ​អញ​ចុះ

8 តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​បាន​ប្រព្រឹត្ត​តាម​តែ​សេចក្តី​រឹង‌ចចេស​នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​រៀង​ខ្លួន​វិញ ហេតុ​នោះ​អញ​បាន​នាំ​គ្រប់​ទាំង​ពាក្យ​នៃ​សេចក្តី​សញ្ញា​នេះ​មក​លើ​គេ គឺ​ជា​សេចក្តី​ដែល​អញ​បាន​បង្គាប់​ឲ្យ​គេ​ប្រព្រឹត្ត​តាម តែ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​សោះ។

9 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ឃើញ​មាន​គំនិត​គិត​ក្បត់​កើត​ឡើង នៅ​ក្នុង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ

10 គេ​បាន​វិល​ត្រឡប់​ទៅ​តាម​អំពើ​ទុច្ចរិត​របស់​ពួក​ព្ធយុ‌កោ​គេ ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ គេ​បាន​ទៅ​តាម​ព្រះ​ដទៃ​ផ្សេងៗ ដើម្បី​នឹង​គោរព​វា​វិញ ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា​បាន​ផ្តាច់​សេចក្តី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​ព្ធយុ‌កោ​គេ​ហើយ

11 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​គេ ជា​សេចក្តី​ដែល​គេ​មិន​អាច​នឹង​គេច​រួច​ចេញ​បាន​ឡើយ នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​នឹង​មិន​ព្រម​ស្តាប់​ទេ

12 ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម គេ​នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ

13 ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​ឯង នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ដែរ ហើយ​ដែល​មាន​ផ្លូវ​នៅ​ក្រុង​យេរូ‌សាឡិម​ប៉ុណ្ណា នោះ​ឯង​ក៏​បាន​ស្អាង​អាសនា​ថ្វាយ​ដល់​របស់​គួរ​ខ្មាស​នោះ ចំនួន​ប៉ុណ្ណោះ​ដែរ គឺ​ជា​អាសនា​សំរាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល​ផង។