9 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ឃើញមានគំនិតគិតក្បត់កើតឡើង នៅក្នុងពួកមនុស្សនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡិមដែរ
10 គេបានវិលត្រឡប់ទៅតាមអំពើទុច្ចរិតរបស់ពួកព្ធយុកោគេ ដែលមិនព្រមស្តាប់តាមពាក្យអញ គេបានទៅតាមព្រះដទៃផ្សេងៗ ដើម្បីនឹងគោរពវាវិញ ពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដាបានផ្តាច់សេចក្តីសញ្ញា ដែលអញបានតាំងនឹងពួកព្ធយុកោគេហើយ
11 ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើគេ ជាសេចក្តីដែលគេមិនអាចនឹងគេចរួចចេញបានឡើយ នោះគេនឹងអំពាវនាវដល់អញ តែអញនឹងមិនព្រមស្តាប់ទេ
12 ទីក្រុងស្រុកយូដាទាំងប៉ុន្មាន និងពួកអ្នកនៅក្រុងយេរូសាឡិម គេនឹងទៅអំពាវនាវដល់ព្រះ ដែលគេបានដុតកំញានថ្វាយនោះ តែព្រះទាំងនោះនឹងមិនជួយដោះគេឲ្យរួច ក្នុងគ្រាវេទនារបស់គេឡើយ
13 ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់ឯង នោះប្រមាណស្មើនឹងទីក្រុងទាំងប៉ុន្មានរបស់ឯងដែរ ហើយដែលមានផ្លូវនៅក្រុងយេរូសាឡិមប៉ុណ្ណា នោះឯងក៏បានស្អាងអាសនាថ្វាយដល់របស់គួរខ្មាសនោះ ចំនួនប៉ុណ្ណោះដែរ គឺជាអាសនាសំរាប់ដុតកំញានថ្វាយដល់ព្រះបាលផង។
14 ដូច្នេះ កុំឲ្យអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យឡើងសំឡេងអំពាវនាវ ឬអង្វរឲ្យគេដែរ ដ្បិតនៅគ្រាដែលគេអំពាវនាវដល់អញ ដោយកើតមានសេចក្តីវេទនា នោះអញមិនព្រមស្តាប់គេទេ។
15 តើស្ងួនសំឡាញ់របស់អញមានការអ្វីនៅក្នុងផ្ទះអញទៀត ដ្បិតនាងបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ជាមួយនឹងមនុស្សជាច្រើនទៅហើយ ឯសាច់ដែលបានញែកជាបរិសុទ្ធ នោះនឹងបាត់ពីមុខឯងទៅកាលណាឯងប្រព្រឹត្តអំពើអាក្រក់ នោះឯងមានចិត្តរីករាយ