1 ឱព្រះយេហូវ៉ាអើយ កាលណាទូលបង្គំជជែកតនឹងទ្រង់ នោះទ្រង់សុចរិតទេ ប៉ុន្តែទូលបង្គំចង់តែទូលពិភាក្សានឹងទ្រង់ ពីដើមហេតុនៃការណ៍ថា ហេតុអ្វីបានជាដំណើររបស់មនុស្សអាក្រក់តែងតែចំរើនឡើង ហេតុអ្វីបានជាពួកអ្នកដែលប្រព្រឹត្តដោយកំបត់ បាននៅជាឥតកង្វល់ដូច្នេះ
2 ទ្រង់បានដាំគេ អើ គេចាក់ឫសចុះ ហើយក៏ធំឡើង អើ គេកើតផលផង គេយកទ្រង់មកផ្ទាល់នៅមាត់ តែឲ្យទ្រង់នៅឆ្ងាយពីចិត្តគេវិញ
3 តែឱព្រះយេហូវ៉ាអើយ ទ្រង់ស្គាល់ទូលបង្គំហើយ ទ្រង់ក៏ឃើញ ហើយល្បងលចិត្តទូលបង្គំ ដែលនៅជិតទ្រង់ជាយ៉ាងណា សូមទ្រង់ចាប់កព្ឆាក់គេទៅដូចជាចៀម ដែលសំរាប់នាំទៅសំឡាប់ ហើយដំរូវគេទុកដល់ថ្ងៃកាប់សំឡាប់
4 ស្រុកនេះនឹងត្រូវសោយសោក ហើយតិណជាតិទាំងឡាយនៅពេញស្រុកត្រូវស្វិតក្រៀមទៅដល់កាលណាទៀត សត្វជើង៤ និងសត្វស្លាបទាំងប៉ុន្មាន ត្រូវវិនាសបាត់ទៅ ដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅក្នុងស្រុកនេះ ដ្បិតគេនិយាយថា ព្រះនឹងមិនឃើញចុងបំផុតរបស់យើងឡើយ។
5 បើឯងបានរត់ជាមួយនឹងពួកថ្មើរជើង ហើយគេបាននាំឲ្យឯងអស់កំឡាំង ដូច្នេះ ធ្វើដូចម្តេចឲ្យឯងប្រណាំងនឹងសេះបាន ហើយបើនៅក្នុងស្រុកដ៏មានសន្តិសុខ ឯងមិនសូវមានសេចក្តីសុខទេ នោះតើឯងនឹងធ្វើដូចម្តេចក្នុងកាលដែលទន្លេយ័រដាន់ជន់ពេញកំឡាំងឡើង
6 ដ្បិតទោះទាំងពួកបងប្អូនឯង និងពួកគ្រួឪពុកឯង ក៏បានប្រព្រឹត្តដោយកំបត់នឹងឯងដែរ គេបានស្រែកហៅយ៉ាងខ្លាំងតាមក្រោយឯងផង តែទោះបើនិយាយពាក្យស្រួលល្អក៏ដោយគង់តែមិនត្រូវជឿតាមគេឡើយ។