12 ហេតុនោះត្រូវឲ្យឯងប្រាប់ពាក្យនេះដល់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ឯអស់ទាំងឪទឹននោះនឹងបានពេញដោយស្រាទំពាំងបាយជូរ ហើយគេនឹងឆ្លើយតបមកឯងថា តើយើងមិនដឹងពិតថា ឪទឹនទាំងអស់នឹងបានពេញដោយស្រាទំពាំងបាយជូរទេឬអី
13 រួចឯងត្រូវប្រាប់ដល់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យមនុស្សនៅស្រុកនេះទាំងអស់ ទាំងពួកស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ និងពួកសង្ឃ ពួកហោរា ហើយអស់អ្នកដែលនៅក្រុងយេរូសាឡិមផង បានស្រវឹងពេញទី
14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងបោកគេម្នាក់ផ្ទប់នឹងម្នាក់ទៀត គឺឪពុកផ្ទប់នឹងកូនផង អញមិនព្រមប្រណី ឬសំចៃ ឬមេត្តា ដើម្បីមិនឲ្យបំផ្លាញគេឡើយ។
15 ចូរស្តាប់ ហើយផ្ទៀងត្រចៀកចុះ កុំឲ្យតាំងចិត្តឆ្មើងឆ្មៃឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលហើយ
16 ចូរសរសើរដំកើងដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ក្រែងទ្រង់ធ្វើឲ្យងងឹត ហើយអ្នករាល់គ្នាចំពប់ជើងនៅលើភ្នំងងឹត ហើយកំពុងដែលអ្នករាល់គ្នាសង្ឃឹមនឹងបានពន្លឺ នោះទ្រង់នឹងបំប្រែឲ្យទៅជាម្លប់នៃសេចក្តីស្លាប់ និងជាងងឹតយ៉ាងក្រាស់វិញ
17 តែបើអ្នករាល់មិនព្រមស្តាប់ទេ នោះព្រលឹងខ្ញុំនឹងយំសោកក្នុងទីសំងាត់ ដោយព្រោះសេចក្តីអំនួតរបស់អ្នករាល់គ្នា ហើយភ្នែកខ្ញុំនឹងយំសស្រាក់ ពីព្រោះហ្វូងចៀមរបស់ព្រះយេហូវ៉ាបានត្រូវគេចាប់ដឹកទៅជាឈ្លើយហើយ។
18 ចូរទូលដល់មហាក្សត្រ និងអគ្គមហេសីថា សូមឲ្យគង់ចុះនៅទីទាបវិញ ដ្បិតក្បាំងព្រះសិរ គឺជាមកុដនៃសិរីល្អរបស់ទ្រង់បានធ្លាក់ចុះហើយ