យេរេមា 13:17-23 KHOV

17 តែ​បើ​អ្នក​រាល់​មិន​ព្រម​ស្តាប់​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​យំ​សោក​ក្នុង​ទី​សំងាត់ ដោយ​ព្រោះ​សេចក្តី​អំនួត​របស់​អ្នក​រាល់​គ្នា ហើយ​ភ្នែក​ខ្ញុំ​នឹង​យំ​សស្រាក់ ពី​ព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌យេហូវ៉ា​បាន​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ។

18 ចូរ​ទូល​ដល់​មហា‌ក្សត្រ និង​អគ្គ‌មហេសី​ថា សូម​ឲ្យ​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​ក្បាំង​ព្រះ‌សិរ គឺ​ជា​មកុដ​នៃ​សិរី‌ល្អ​របស់​ទ្រង់​បាន​ធ្លាក់​ចុះ​ហើយ

19 អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ត្បូង​នឹង​បិទ​ជិត​ហើយ ឥត​មាន​អ្នក​ណា​នឹង​បើក​វិញ​បាន​ឡើយ ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ អើ គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់​គ្នា​ហើយ។

20 ចូរ​ងើប​ភ្នែក​ឡើង ហើយ​មើល​ពួក​អ្នក​ដែល​មក​ពី​ទិស​ខាង​ជើង ឯ​ហ្វូង​ចៀម​ដែល​បាន​ប្រគល់​ដល់​ឯង គឺ​ជា​ហ្វូង​ដ៏​ល្អ​របស់​ឯង នោះ​តើ​នៅ​ឯ​ណា

21 តើ​ឯង​នឹង​ថា​ដូច​ម្តេច ក្នុង​កាល​ដែល​ទ្រង់​តាំង​ពួក​មិត្រ​សំឡាញ់​របស់​ឯង​ឡើង ឲ្យ​គ្រប់‌គ្រង​លើ​ឯង ដ្បិត​គឺ​ខ្លួន​ឯង​ហើយ ដែល​បាន​បង្ហាត់​បង្រៀន​គេ​ឲ្យ​ធ្វើ​ដូច្នេះ នោះ​តើ​សេចក្តី​ទុក្ខ​ព្រួយ​ដូច​ជា​ស្ត្រី ដែល​ឈឺ​ចាប់​នឹង​សំរាល​កូន មិន​ចាប់​ឯង​ទេ​ឬ

22 ហើយ​បើ​ឯង​នឹក​សួរ​ក្នុង​ចិត្ត​ថា ហេតុ​អ្វី​បាន​ជា​ការ​ទាំង​នេះ​កើត​ដល់​អញ​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​ឯង​ទេ បាន​ជា​សំពត់​របស់​ឯង​ត្រូវ​បើក​សើយ​ឡើង ហើយ​ឯង​ត្រូវ​នៅ​កែង‌ជើង​ទទេ​ផង

23 តើ​សាសន៍​អេធីយ៉ូពី​នឹង​បំផ្លាស់​បំប្រែ​សម្បុរ​ស្បែក​របស់​ខ្លួន​បាន​ឬ​ទេ ឬ​ខ្លា​រខិន​នឹង​ផ្លាស់​សម្បុរ​ពព្លាក់​របស់​វា​ទៅ​បាន​ដែរ បើ​បាន នោះ​ឯង​រាល់​គ្នា​ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់ នឹង​អាច​ប្រព្រឹត្ត​ល្អ​វិញ​ក៏​បាន​ដែរ