18 ចូរទូលដល់មហាក្សត្រ និងអគ្គមហេសីថា សូមឲ្យគង់ចុះនៅទីទាបវិញ ដ្បិតក្បាំងព្រះសិរ គឺជាមកុដនៃសិរីល្អរបស់ទ្រង់បានធ្លាក់ចុះហើយ
19 អស់ទាំងទីក្រុងនៅស្រុកត្បូងនឹងបិទជិតហើយ ឥតមានអ្នកណានឹងបើកវិញបានឡើយ ពួកយូដាទាំងអស់បានត្រូវដឹកទៅជាឈ្លើយ អើ គេត្រូវដឹកនាំទៅជាឈ្លើយទាំងអស់គ្នាហើយ។
20 ចូរងើបភ្នែកឡើង ហើយមើលពួកអ្នកដែលមកពីទិសខាងជើង ឯហ្វូងចៀមដែលបានប្រគល់ដល់ឯង គឺជាហ្វូងដ៏ល្អរបស់ឯង នោះតើនៅឯណា
21 តើឯងនឹងថាដូចម្តេច ក្នុងកាលដែលទ្រង់តាំងពួកមិត្រសំឡាញ់របស់ឯងឡើង ឲ្យគ្រប់គ្រងលើឯង ដ្បិតគឺខ្លួនឯងហើយ ដែលបានបង្ហាត់បង្រៀនគេឲ្យធ្វើដូច្នេះ នោះតើសេចក្តីទុក្ខព្រួយដូចជាស្ត្រី ដែលឈឺចាប់នឹងសំរាលកូន មិនចាប់ឯងទេឬ
22 ហើយបើឯងនឹកសួរក្នុងចិត្តថា ហេតុអ្វីបានជាការទាំងនេះកើតដល់អញដូច្នេះ នោះគឺដោយព្រោះអំពើទុច្ចរិតដ៏បរិបូររបស់ឯងទេ បានជាសំពត់របស់ឯងត្រូវបើកសើយឡើង ហើយឯងត្រូវនៅកែងជើងទទេផង
23 តើសាសន៍អេធីយ៉ូពីនឹងបំផ្លាស់បំប្រែសម្បុរស្បែករបស់ខ្លួនបានឬទេ ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរ បើបាន នោះឯងរាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ
24 ដូច្នេះ អញនឹងកំចាត់កំចាយឯងដូចជាចំបើងដែលរសាត់ទៅបាត់ ដោយខ្យល់ពីទីរហោស្ថាន