យេរេមា 13:5-11 KHOV

5 ដូច្នេះ ខ្ញុំ​ក៏​ទៅ​លាក់​សំពត់​នោះ​នៅ​ក្បែរ​ទន្លេ​អ៊ើប្រាត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

6 ក្រោយ​មក​ជា​យូរ​ថ្ងៃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ទន្លេ​អ៊ើប្រាត យក​សំពត់​ក្រវាត់ ដែល​អញ​បាន​បង្គាប់ ឲ្យ​លាក់​ទុក​នៅ​ទី​នោះ​មក​វិញ

7 ខ្ញុំ​ក៏​ទៅ​ដល់​ទន្លេ​អ៊ើប្រាត ជីក​យក​សំពត់​ក្រវាត់ ពី​កន្លែង​ដែល​ខ្ញុំ​បាន​លាក់​ទុក​នោះ ហើយ​មើល សំពត់​នោះ​ខូច​ហើយ គ្មាន​ប្រយោជន៍​ទៀត​សោះ។

8 គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​បែប​យ៉ាង​នេះ​ដែល​អញ​នឹង​បង្ខូច​សេចក្តី​អំនួត​របស់​ពួក​យូដា និង​សេចក្តី​អំនួត​យ៉ាង​ធំ​របស់​ក្រុង​យេរូ‌សាឡិម​ដែរ

10 ឯ​ជន‌ជាតិ​អាក្រក់​នេះ​ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ ជា​ពួក​អ្នក​ដែល​ដើរ​តាម​តែ​សេចក្តី​រឹង‌ចចេស នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​គេ នឹង​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា គេ​នឹង​បាន​ដូច​ជា​សំពត់​ក្រវាត់​នេះ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ទៀត

11 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សំពត់​ក្រវាត់​ជាប់​នៅ​នឹង​ចង្កេះ​មនុស្ស​យ៉ាង​ណា នោះ​អញ​ក៏​បាន​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល និង​ពួក​វង្ស​យូដា​ទាំង​អស់​នៅ​ជាប់​នឹង​អញ​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ជា​រាស្ត្រ​សំរាប់​អញ ហើយ​ជា​កេរ្តិ៍‌ឈ្មោះ ជា​សេចក្តី​សរសើរ និង​ជា​សិរី‌ល្អ​ផង តែ​គេ​មិន​ព្រម​ស្តាប់​សោះ។