10 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីជនជាតិនេះដូច្នេះថា គេចូលចិត្តដើរសាត់ព្រាត់ គេមិនបានឃាត់ជើងគេឡើយ ហេតុនោះព្រះយេហូវ៉ា ទ្រង់ក៏មិនព្រមទទួលគេដែរ ក្នុងពេលឥឡូវនេះ ទ្រង់កំពុងតែនឹកចាំ ពីអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើទោសដល់គេជាពិត
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យអធិស្ឋានសូមសេចក្តីល្អឲ្យជនជាតិនេះឡើយ
12 កាលណាគេតមអត់ នោះអញមិនព្រមស្តាប់សំរែករបស់គេទេ កាលណាគេថ្វាយដង្វាយដុត និងដង្វាយម្សៅ នោះអញមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់អត់ និងអាសន្នរោគវិញ។
13 នោះខ្ញុំទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា ឯងរាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវសេចក្តីអំណត់អត់ដែរ គឺអញនឹងឲ្យឯងរាល់គ្នាមានសេចក្តីសុខនៅទីនេះជាពិត
14 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ពួកហោរាគេទាយកុហកដោយនូវឈ្មោះអញទេ អញមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេទាយប្រាប់ឯងរាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្តីឥតប្រយោជន៍ទទេ ហើយជាសេចក្តីបញ្ឆោតនៃចិត្តខ្លួនគេវិញ
15 ដូច្នេះ ឯពួកហោរាដែលទាយដោយនូវឈ្មោះអញ ឥតមានអញចាត់ប្រើឡើយ ជាអ្នកដែលថាដាវ និងសេចក្តីអំណត់អត់នឹងមិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីពួកហោរានោះថា គេនឹងត្រូវវិនាសអស់ទៅ ដោយសារដាវ និងសេចក្តីអំណត់នោះឯង
16 ហើយពួកជនដែលគេបានទាយប្រាប់នោះ នឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡិម ដោយព្រោះសេចក្តីអំណត់ហើយនឹងដាវដែរ ឥតមានអ្នកណានឹងកប់ខ្មោចគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ និងកូនប្រុសកូនស្រីគេផង ពីព្រោះអញនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ