យេរេមា 14:14-20 KHOV

14 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ពួក​ហោរា​គេ​ទាយ​កុហក​ដោយ​នូវ​ឈ្មោះ​អញ​ទេ អញ​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្តី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្តី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ

15 ដូច្នេះ ឯ​ពួក​ហោរា​ដែល​ទាយ​ដោយ​នូវ​ឈ្មោះ​អញ ឥត​មាន​អញ​ចាត់​ប្រើ​ឡើយ ជា​អ្នក​ដែល​ថា​ដាវ និង​សេចក្តី​អំណត់‌អត់​នឹង​មិន​មក​ក្នុង​ស្រុក​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​នោះ​ថា គេ​នឹង​ត្រូវ​វិនាស​អស់​ទៅ ដោយ‌សារ​ដាវ និង​សេចក្តី​អំណត់​នោះ​ឯង

16 ហើយ​ពួក​ជន​ដែល​គេ​បាន​ទាយ​ប្រាប់​នោះ នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​សេចក្តី​អំណត់​ហើយ​នឹង​ដាវ​ដែរ ឥត​មាន​អ្នក​ណា​នឹង​កប់​ខ្មោច​គេ​ឡើយ គឺ​ទាំង​ខ្លួន​គេ ប្រពន្ធ​គេ និង​កូន​ប្រុស​កូន​ស្រី​គេ​ផង ពី​ព្រោះ​អញ​នឹង​ចាក់​អំពើ​លាមក​អាក្រក់​របស់​គេ​ទៅ​លើ​គេ​វិញ

17 ឯង​ត្រូវ​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា សូម​ឲ្យ​ខ្ញុំ​ហូរ​ទឹក​ភ្នែក​សស្រាក់​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ពី​ព្រោះ​កូន​ក្រមុំ​របស់​សាសន៍​ខ្ញុំ​បាន​ត្រូវ​ខ្ទេច‌ខ្ទី ជា​ការ​បាក់​បែក​យ៉ាង​ធំ ដោយ​របួស​ជា​ទំងន់

18 បើ​ខ្ញុំ​ចេញ​ទៅ​ឯ​វាល នោះ​មើល មាន​សុទ្ធ​តែ​សាក‌សព​ដែល​ស្លាប់​ដោយ​ដាវ ហើយ​បើ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ នោះ​មើល មាន​សុទ្ធ​តែ​មនុស្ស​ដែល​ឈឺ ដោយ​អត់‌ឃ្លាន ដ្បិត​ពួក​ហោរា និង​ពួក​សង្ឃ តែង‌តែ​ចុះ​ឡើង​ក្នុង​ស្រុក​ឥត​ដឹង​អ្វី​ទេ។

19 តើ​ទ្រង់​បាន​បោះ‌បង់​ចោល​ពួក​យូដា​ជា​ដាច់​ខាត​ឬ តើ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ​អី ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ យើង​ខ្ញុំ​បាន​រង់‌ចាំ ថា​នឹង​បាន​សេចក្តី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​មើល បាន​តែ​សេចក្តី​ភ័យ​វិញ

20 ឱ​ព្រះ‌យេហូវ៉ា​អើយ​យើង​ខ្ញុំ​ទទួល​ស្គាល់​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ហើយ ព្រម​ទាំង​សេចក្តី​ទុច្ចរិត​របស់​ពួក​ព្ធយុ‌កោ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ពិត