16 ហើយពួកជនដែលគេបានទាយប្រាប់នោះ នឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡិម ដោយព្រោះសេចក្តីអំណត់ហើយនឹងដាវដែរ ឥតមានអ្នកណានឹងកប់ខ្មោចគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ និងកូនប្រុសកូនស្រីគេផង ពីព្រោះអញនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ
17 ឯងត្រូវប្រាប់ពាក្យនេះដល់គេថា សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទំងន់
18 បើខ្ញុំចេញទៅឯវាល នោះមើល មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ នោះមើល មានសុទ្ធតែមនុស្សដែលឈឺ ដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។
19 តើទ្រង់បានបោះបង់ចោលពួកយូដាជាដាច់ខាតឬ តើព្រះហឫទ័យទ្រង់ស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬអី ហេតុអ្វីបានជាទ្រង់វាយយើងរាល់គ្នា ហើយមិនឲ្យជាឡើងវិញសោះ យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្តីសុខ តែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា តែមើល បានតែសេចក្តីភ័យវិញ
20 ឱព្រះយេហូវ៉ាអើយយើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ ព្រមទាំងសេចក្តីទុច្ចរិតរបស់ពួកព្ធយុកោយើងខ្ញុំផង ដ្បិតយើងខ្ញុំបានធ្វើបាបនឹងទ្រង់ពិត
21 សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមទ្រង់ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ទ្រង់ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្តីសញ្ញា ដែលទ្រង់បានតាំងនឹងយើងខ្ញុំឡើយ
22 ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀង១មេបានឬទេ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ តើមិនមែនជាទ្រង់វិញទេឬអី ដូច្នេះយើងខ្ញុំនឹងទន្ទឹងចាំតែទ្រង់ ដ្បិតគឺទ្រង់ហើយដែលបានធ្វើគ្រប់ការទាំងនេះ។