យេរេមា 14:7-13 KHOV

7 ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ទ្រង់​ប្រោស​មេត្តា ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​ការ​រា‌ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់

8 ឱ​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​គេ ក្នុង​គ្រា​លំបាក​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​អ្នក​ដទៃ​នៅ​ក្នុង​ស្រុក ហើយ​ដូច​ជា​អ្នក​ដើរ​ដំណើរ ដែល​ឈប់​សំណាក់​តែ​១​យប់​ដូច្នេះ

9 ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​មនុស្ស​ស្រឡាំង‌កាំង គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ពុំ​អាច​នឹង​ជួយ​សង្គ្រោះ​បាន​ឡើយ​ផង ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ​ទ្រង់​គង់​កណ្តាល​យើង​ខ្ញុំ​រាល់​គ្នា ហើយ​យើង​ខ្ញុំ​ក៏​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ដែរ សូម​កុំ​លះ​ចោល​យើង​ខ្ញុំ​ឡើយ។

10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ជន‌ជាតិ​នេះ​ដូច្នេះ​ថា គេ​ចូល​ចិត្ត​ដើរ​សាត់​ព្រាត់ គេ​មិន​បាន​ឃាត់​ជើង​គេ​ឡើយ ហេតុ​នោះ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​មិន​ព្រម​ទទួល​គេ​ដែរ ក្នុង​ពេល​ឥឡូវ​នេះ ទ្រង់​កំពុង​តែ​នឹក​ចាំ ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ទោស​ដល់​គេ​ជា​ពិត

11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​អធិស្ឋាន​សូម​សេចក្តី​ល្អ​ឲ្យ​ជន‌ជាតិ​នេះ​ឡើយ

12 កាល​ណា​គេ​តម​អត់ នោះ​អញ​មិន​ព្រម​ស្តាប់​សំរែក​របស់​គេ​ទេ កាល​ណា​គេ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ នោះ​អញ​មិន​ព្រម​ទទួល​ឡើយ គឺ​នឹង​ធ្វើ​ឲ្យ​គេ​សូន្យ​ទៅ​ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ​វិញ។

13 នោះ​ខ្ញុំ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល​ពួក​ហោរា​តែង‌តែ​ប្រាប់​គេ​ថា ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ដាវ​ទេ ក៏​មិន​ត្រូវ​សេចក្តី​អំណត់‌អត់​ដែរ គឺ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្តី​សុខ​នៅ​ទី​នេះ​ជា​ពិត