10 ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែគេប្រទេចផ្តាសាខ្ញុំគ្រប់គ្នា
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ពិតប្រាកដជាអញនឹងចំរើនកំឡាំងឯង ឲ្យបានសេចក្តីល្អទៅមុខ ពិតប្រាកដជាអញនឹងបណ្តាលឲ្យពួកខ្មាំងសត្រូវមកអង្វរដល់ឯងក្នុងគ្រាអាក្រក់ ហើយក្នុងគ្រាវេទនា។
12 តើដែកអាចនឹងបំបាក់បំបែកដែកពីស្រុកខាងជើង ហើយនឹងលង្ហិនបានឬទេ
13 ឯធនធាន និងទ្រព្យសម្បត្តិរបស់ឯង អញនឹងឲ្យដល់គេទុកជារបឹបដោយឥតថ្លៃ គឺដោយព្រោះអស់ទាំងអំពើបាបរបស់ឯង នៅគ្រប់ទាំងព្រំដែនរបស់ឯង
14 អញនឹងឲ្យឯងឆ្លងទៅជាមួយនឹងពួកខ្មាំងសត្រូវឯង ដល់ស្រុក១ដែលឯងមិនស្គាល់ ដ្បិតមានភ្លើងកាត់ឡើងក្នុងសេចក្តីកំហឹងរបស់អញ ភ្លើងនោះនឹងឆេះដល់ឯងរាល់គ្នា។
15 ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយ សូមទ្រង់នឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយទ្រង់ត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្តីដំនៀល ដោយយល់ដល់ទ្រង់
16 ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមទ្រង់