15 ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយ សូមទ្រង់នឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយទ្រង់ត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្តីដំនៀល ដោយយល់ដល់ទ្រង់
16 ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមទ្រង់
17 ទូលបង្គំមិនបានអង្គុយក្នុងចំណោមនៃពួកអ្នកដែលលេងសប្បាយ ហើយលោតកញ្ឆេងនោះឡើយ គឺទូលបង្គំបានអង្គុយតែឯង ដោយព្រោះព្រះហស្តទ្រង់ ដ្បិតទ្រង់បានឲ្យទូលបង្គំមានពេញដោយសេចក្តីគ្នាន់ក្នាញ់
18 ហេតុអ្វីបានជាទូលបង្គំមានសេចក្តីទុក្ខព្រួយ នៅជានិច្ច ហើយរបួសទូលបង្គំមើលមិនជា ក៏មិនព្រមសះសោះដូច្នេះ តើទ្រង់នឹងបានដូចជាសេចក្តីបញ្ឆោត ដល់ទូលបង្គំជាពិត គឺដូចជាទឹកដែលមិនទៀងឬ។
19 ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា បើឯងនឹងវិលមកវិញ នោះអញនឹងនាំឯងទៀត ដើម្បីឲ្យឯងបានឈរនៅមុខអញ ហើយបើឯងនឹងញែករបស់ថ្លៃវិសេសចេញពីរបស់ស្មោកគ្រោក នោះឯងនឹងបានដូចជាមាត់អញ គេនឹងវិលមកឯឯងវិញ តែឯងមិនត្រូវត្រឡប់ទៅឯគេទេ
20 អញនឹងធ្វើឲ្យឯងជាកំផែងលង្ហិន មានគ្រឿងសស្ត្រាវុធដល់ជនជាតិនេះ គេនឹងច្បាំងនឹងឯង តែមិនអាចនឹងឈ្នះបានទេ ដ្បិតអញនៅជាមួយនឹងឯង ដើម្បីនឹងជួយសង្គ្រោះ ហើយប្រោសឯងឲ្យរួច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
21 អញនឹងជួយឲ្យឯងរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់ ហើយនឹងលោះឯងចេញពីកណ្តាប់ដៃនៃមនុស្សដែលគួរស្ញែងខ្លាច។