យេរេមា 15:2-8 KHOV

2 បើ​កាល​ណា​គេ​សួរ​ឯង​ថា តើ​ឲ្យ​យើង​ចេញ​ទៅ​ឯ​ណា នោះ​ចូរ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​ពួក​ណា​ដែល​សំរាប់​ស្លាប់ នោះ​ត្រូវ​ចេញ​ទៅ​ស្លាប់​ចុះ ហើយ​ពួក​ណា​ដែល​សំរាប់​ដាវ ឲ្យ​គេ​ទៅ​ឯ​ដាវ​ទៅ និង​ពួក​ណា​ដែល​សំរាប់​អំណត់‌អត់ ឲ្យ​គេ​អត់‌ឃ្លាន​ចុះ ឯ​ពួក​ណា​ដែល​សំរាប់​ដឹក​ទៅ​ជា​ឈ្លើយ នោះ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ​ដែរ

3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ដំរូវ​ឲ្យ​មាន​៤​មុខ​កើត​ឡើង​ដល់​គេ គឺ​ដាវ​សំរាប់​កាប់​សំឡាប់​១ ឆ្កែ​សំរាប់​ហែក​ស៊ី​១ និង​សត្វ​ហើរ​លើ​អាកាស​១ ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សំរាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង

4 អញ​នឹង​ធ្វើ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​មក​នា​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ដោយ​ព្រោះ​ម៉ាន៉ាសេ ជា​បុត្រា​ហេសេគា ស្តេច​ស្រុក​យូដា និង​ការ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡិម។

5 ឱ​ក្រុង​យេរូ‌សាឡិម​អើយ តើ​អ្នក​ណា​នឹង​អាណិត​ប្រណី​ដល់​ឯង ឬ​អ្នក​ណា​នឹង​សោក​ស្តាយ​ឯង តើ​អ្នក​ណា​នឹង​បែរ​មក​សួរ​ពី​សេចក្តី​សុខ​ទុក្ខ​របស់​ឯង

6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​បាន​បោះ‌បង់​ចោល​អញ​ហើយ ឯង​បាន​រា‌ថយ​ចេញ ហេតុ​នោះ​បាន​ជា​អញ​លូក​ដៃ​ទៅ​ទាស់​នឹង​ឯង ហើយ​បំផ្លាញ​ឯង​បង់ អញ​ណាយ​ចិត្ត​ហើយ ដោយ​ការ​ផ្លាស់​ប្រែ​គំនិត

7 អញ​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ស្រុក អញ​បាន​ធ្វើ​ឲ្យ​បាត់‌បង់​កូន​អស់​ទៅ គឺ​អញ​បាន​បំផ្លាញ​រាស្ត្រ​អញ​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ

8 ស្រី​មេម៉ាយ​របស់​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​មុខ​អញ លើស​ជាង​ខ្សាច់​នៅ​មាត់​សមុទ្រ​ទៅ​ទៀត អញ​បាន​នាំ​អ្នក​បំផ្លាញ​ម្នាក់​មក​លើ​ម្តាយ​របស់​ពួក​កំឡោះៗ​ទាំង​ថ្ងៃ​ត្រង់ អញ​បាន​បណ្តាល​ឲ្យ​មាន​សេចក្តី​ទុក្ខ​ព្រួយ និង​សេចក្តី​ស្ញែង​ខ្លាច​លោ​មក​លើ​គេ​ភ្លាម