យេរេមា 16:4-10 KHOV

4 គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់​ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​កប់​ខ្មោច​គេ​ដែរ គឺ​គេ​នឹង​បាន​ដូច​ជា​ជី​នៅ​ដី​វិញ គេ​នឹង​ត្រូវ​វិនាស​បង់​ដោយ​ដាវ និង​សេចក្តី​អំណត់‌អត់ ហើយ​ខ្មោច​គេ​នឹង​បាន​សំរាប់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី។

5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ក៏​កុំ​ឲ្យ​ទៅ​យំ​សោក ឬ​ទួញ​ទំនួញ​ព្រោះ​គេ​ឡើយ ដ្បិត​អញ​បាន​ដក​សេចក្តី​សុខ​របស់​អញ គឺ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​អាណិត‌អាសូរ ចេញ​ពី​ជន‌ជាតិ​នេះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

6 មនុស្ស​ទាំង​អស់ ទាំង​ធំ​ទាំង​តូច នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ ឥត​មាន​អ្នក​ណា​កប់​ខ្មោច​គេ​ឡើយ មនុស្ស​ក៏​នឹង​មិន​យំ​សោក ឬ​ឆូត​សាច់ ឬ​កោរ​សក់​ដោយ​ព្រោះ​គេ​ដែរ

7 នឹង​គ្មាន​អ្នក​ណា​កាច់​នំបុ័ង​ក្នុង​ការ​សោយ​សោក​នោះ ដើម្បី​នឹង​កំសាន្ត​ចិត្ត​ពី​ដំណើរ​អ្នក​ដែល​ស្លាប់​សោះ ក៏​នឹង​គ្មាន​អ្នក​ណា​ជូន​ពែង​រំដោះ​ទុក្ខ​ដល់​គេ ដោយ​ព្រោះ​ឪពុក ឬ​ម្តាយ​គេ​ផង

8 ឯ​ផ្ទះ​ដែល​គេ​កំពុង​ស៊ី‌លៀង នោះ​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​អង្គុយ​ស៊ី​ផឹក​ជា​មួយ​នឹង​គេ​ដែរ

9 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល នៅ​គ្រា​អាយុ​ឯង ហើយ​នៅ​ចំពោះ​ភ្នែក​ឯង នោះ​អញ​នឹង​ធ្វើ​ឲ្យ​សំឡេង​រីក‌រាយ និង​សំឡេង​អរ​សប្បាយ​ព្រម​ទាំង​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី​បាត់​ចេញ​ពី​ទី​នេះ​ទៅ។

10 លុះ​កាល​ណា​ឯង​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​ជន‌ជាតិ​នេះ​រួច​ជា​ស្រេច ហើយ​គេ​សួរ​ឯង​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​គ្រប់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ​ទាស់​នឹង​យើង​ដូច្នេះ តើ​យើង​មាន​សេចក្តី​ទុច្ចរិត​ណា ឬ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ណា ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង