9 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល នៅគ្រាអាយុឯង ហើយនៅចំពោះភ្នែកឯង នោះអញនឹងធ្វើឲ្យសំឡេងរីករាយ និងសំឡេងអរសប្បាយព្រមទាំងសំឡេងប្ដីប្រពន្ធថ្មោងថ្មីបាត់ចេញពីទីនេះទៅ។
10 លុះកាលណាឯងបានប្រាប់ពាក្យទាំងនេះ ដល់ជនជាតិនេះរួចជាស្រេច ហើយគេសួរឯងថា ហេតុអ្វីបានជាព្រះយេហូវ៉ាមានព្រះបន្ទូលពីគ្រប់ទាំងការអាក្រក់យ៉ាងធំនេះទាស់នឹងយើងដូច្នេះ តើយើងមានសេចក្តីទុច្ចរិតណា ឬបានប្រព្រឹត្តអំពើបាបយ៉ាងណា ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃយើង
11 នោះឯងត្រូវប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺដោយព្រោះពួកព្ធយុកោរបស់ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅតាមព្រះដទៃ ព្រមទាំងគោរព ហើយថ្វាយបង្គំដល់វាផង គេបានបោះបង់ចោលអញ ឥតដែលរក្សាច្បាប់អញឡើយ
12 ហើយចំណែកឯងរាល់គ្នានោះបានប្រព្រឹត្តអាក្រក់ លើសជាងពួកព្ធយុកោឯងទៅទៀត ដ្បិតមើល ឯងរាល់គ្នាប្រព្រឹត្តតាមតែសេចក្តីរឹងចចេស នៅក្នុងចិត្តអាក្រក់របស់ឯងរៀងខ្លួន ដល់ម៉្លេះបានជាមិនព្រមស្តាប់តាមអញសោះ
13 ហេតុនោះអញនឹងបោះឯងរាល់គ្នាចោលចេញពីស្រុកនេះ ឲ្យទៅនៅឯស្រុក១ដែលឯង ឬពួកព្ធយុកោឯងមិនបានស្គាល់ឡើយ ហើយនៅទីនោះ ឯងរាល់គ្នានឹងគោរពប្រតិបត្តិតាមព្រះដទៃទាំងយប់ទាំងថ្ងៃ ពីព្រោះអញនឹងមិនអាណិតដល់ឯងទេ។
14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដូច្នេះមើល នឹងមានគ្រាមកដល់ដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់ ជាព្រះដែលបាននាំពួកកូនចៅអ៊ីស្រាអែលឡើងរួចពីស្រុកអេស៊ីព្ទមក
15 គឺគេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែល ឡើងរួចពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលទ្រង់បានបណ្តេញគេនោះផង អញនឹងនាំគេឲ្យវិលមកក្នុងស្រុករបស់គេ ជាស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោគេ។