យេរេមា 17:20-26 KHOV

20 ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ឱ​ពួក​ស្តេច​យូដា និង​បណ្តា‌ជន‌ជាតិ​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​លី‌សែង​បន្ទុក​អ្វី ចូល​មក​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ

22 ក៏​កុំ​ឲ្យ​លី‌សែង​បន្ទុក​អ្វី​ចេញ​ពី​ផ្ទះ​ឯង​រាល់​គ្នា ឬ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ ត្រូវ​ឲ្យ​ញែក​ថ្ងៃ​ឈប់​សំរាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ​វិញ ដូច​ជា​អញ​បាន​បង្គាប់​ដល់​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ហើយ

23 ប៉ុន្តែ​គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​ឡើយ គឺ​គេ​តាំង​ចិត្ត​រឹង‌រូស​វិញ​ដើម្បី​មិន​ឲ្យ​ឮ ឬ​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ​សោះ។

24 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​សិន​ជា​ឯង​រាល់​គ្នា​នឹង​ខំ​ព្យាយាម​ស្តាប់​តាម​អញ ដើម្បី​មិន​ឲ្យ​លី‌សែង​បន្ទុក​ណា​ចូល​មក​តាម​ទ្វារ​ក្រុង​នេះ នៅ​ថ្ងៃ​ឈប់​សំរាក គឺ​នឹង​ញែក​ថ្ងៃ​ឈប់​សំរាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ​វិញ ឥត​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ

25 នោះ​នឹង​មាន​ស្តេច ហើយ​នឹង​ពួក​ចៅ‌ហ្វាយ ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ ចូល​មក​តាម​ទ្វារ​ក្រុង​នេះ គេ​នឹង​ជិះ​រាជ‌រថ ហើយ​នឹង​សេះ ទាំង​ខ្លួន​គេ និង​ពួក​ចៅ‌ហ្វាយ ព្រម​ទាំង​បណ្តា​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេសាឡិម​ទាំង​ប៉ុន្មាន​ផង ហើយ​ទី​ក្រុង​នេះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ត​ទៅ

26 មនុស្ស​នឹង​មក​ពី​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​យូដា ពី​តំបន់​នៅ​ជុំវិញ​នៃ​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​បេន‌យ៉ា‌មីន ពី​ស្រុក​ទំនាប ពី​ស្រុក​ភ្នំ ពី​ស្រុក​ត្បូង នាំ​យក​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​ម្សៅ កំញាន និង​ដង្វាយ​សំរាប់​អរ​ព្រះ‌គុណ មក​ដល់​ទី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា