យេរេមា 17:5-11 KHOV

5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា

6 ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​សោះ‌កក្រោះ​នៅ​សមុទ្រ​ខ្សាច់ បើ​កាល​ណា​មាន​សេចក្តី​ល្អ​មក​ដល់ នោះ​នឹង​មិន​ឃើញ​ទេ គឺ​នឹង​ត្រូវ​អាស្រ័យ​នៅ​កន្លែង​ហួត‌ហែង​ក្នុង​ទី​រហោ‌ស្ថាន​ជា​ដី​ប្រៃ​ឥត​មាន​អ្នក​ណា​នៅ​វិញ

7 តែ​មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់

8 ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ ហើយ​មិន​រឹត​ត្បិត​នៅ​ឆ្នាំ​ដែល​រាំង‌រឹះ​ឡើយ ក៏​មិន​ដែល​ខាន​នឹង​កើត​ផល​ដែរ។

9 ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​នឹង​អាច​ស្គាល់​បាន

10 អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​ស្ទង់​ចិត្ត អញ​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ

11 ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្តាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។