6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញគ្មានអំណាចនឹងធ្វើដល់ឯងរាល់គ្នា ដូចជាជាងស្មូននេះបានធ្វើដែរទេឬអី មើល ឱពួកវង្សអ៊ីស្រាអែលអើយ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ
7 នៅវេលាណាដែលអញនិយាយពីដំណើរសាសន៍ណា ឬនគរណាថា នឹងដករំលើងគេ ព្រមទាំងរំលំ ហើយបំផ្លាញផង
8 បើសិនជានគរដែលអញបាននិយាយនោះ នឹងបែរចេញពីអំពើអាក្រក់របស់ខ្លួន នោះអញនឹងប្រែគំនិតចេញពីការអាក្រក់ ដែលអញបានគិតធ្វើដល់គេ ក្នុងវេលានោះឯង
9 ហើយនៅវេលាណាដែលអញនិយាយពីសាសន៍ណា ឬនគរណា ថានឹងស្អាងគេ ហើយតាំងគេឡើង
10 បើសិនជាគេប្រព្រឹត្តអំពើអាក្រក់នៅភ្នែកអញ ហើយមិនស្តាប់តាមពាក្យអញវិញ នោះអញនឹងប្រែគំនិតចេញពីការល្អ ដែលអញបានថានឹងធ្វើដល់គេនៅវេលានោះដែរ
11 ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា ហើយពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញកំពុងតែឡោមព័ទ្ធឯងរាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងឯងដែរ ដូច្នេះ ចូរវិលមកពីផ្លូវអាក្រក់របស់ឯងរៀងខ្លួន ហើយឲ្យកែប្រែផ្លូវប្រព្រឹត្ត និងកិរិយារបស់ឯងឡើងវិញឥឡូវចុះ
12 តែគេឆ្លើយថា ឥតប្រយោជន៍ទេ ដ្បិតយើងរាល់គ្នានឹងដើរតាមតែគំនិតរបស់យើងប៉ុណ្ណោះ យើងរាល់គ្នានឹងធ្វើតាមតែសេចក្តីរឹងចចេសនៃចិត្តអាក្រក់របស់យើងរៀងខ្លួន។