9 ហើយនៅវេលាណាដែលអញនិយាយពីសាសន៍ណា ឬនគរណា ថានឹងស្អាងគេ ហើយតាំងគេឡើង
10 បើសិនជាគេប្រព្រឹត្តអំពើអាក្រក់នៅភ្នែកអញ ហើយមិនស្តាប់តាមពាក្យអញវិញ នោះអញនឹងប្រែគំនិតចេញពីការល្អ ដែលអញបានថានឹងធ្វើដល់គេនៅវេលានោះដែរ
11 ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា ហើយពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញកំពុងតែឡោមព័ទ្ធឯងរាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងឯងដែរ ដូច្នេះ ចូរវិលមកពីផ្លូវអាក្រក់របស់ឯងរៀងខ្លួន ហើយឲ្យកែប្រែផ្លូវប្រព្រឹត្ត និងកិរិយារបស់ឯងឡើងវិញឥឡូវចុះ
12 តែគេឆ្លើយថា ឥតប្រយោជន៍ទេ ដ្បិតយើងរាល់គ្នានឹងដើរតាមតែគំនិតរបស់យើងប៉ុណ្ណោះ យើងរាល់គ្នានឹងធ្វើតាមតែសេចក្តីរឹងចចេសនៃចិត្តអាក្រក់របស់យើងរៀងខ្លួន។
13 ហេតុនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរស៊ើបសួររកនៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មានចុះ តើដែលមានអ្នកណាឮនិយាយពីការយ៉ាងនេះឬទេ នាងក្រមុំនៃពួកអ៊ីស្រាអែលបានប្រព្រឹត្តការដ៏ពន្លឹកគួរស្បើម
14 តើហិមៈនៅលើភ្នំល្បាណូន នឹងលែងមានពីថ្មនៅវាលបានឬ តើទឹកត្រជាក់ដែលហូរចុះមកពីទីឆ្ងាយ នឹងហួតបាត់ទៅឬអី
15 ដ្បិតឯរាស្ត្រអញនេះ គេបានភ្លេចអញហើយ គេបានដុតកំញានថ្វាយដល់អស់ទាំងព្រះក្លែងក្លាយ ហើយគេត្រូវចំពប់ក្នុងផ្លូវរបស់ខ្លួន គឺជាផ្លូវពីចាស់បុរាណ ឲ្យបានដើរវាងទៅតាមផ្លូវច្រកដែលមិនបានលើកឡើយ