3 ត្រូវឲ្យប្រាប់ថា ឱពួកស្តេចស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើទីនេះ ដែលអ្នកណាឮ នោះនឹងខ្ទ័រត្រចៀក
4 ដ្បិតគេបានបោះបង់ចោលអញ ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ ពួកព្ធយុកោគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញ ដោយឈាមនៃមនុស្ស ដែលឥតមានទោសដែរ
5 គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសំរាប់នឹងដុតកូនប្រុសៗរបស់គេ ទុកជាដង្វាយដុតថ្វាយព្រះបាល ជាការដែលអញមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតអញដែរ
6 ដូច្នេះព្រះយេហូវ៉ាមានព្រះបន្ទូលថា មើលនឹងមានគ្រាមកដល់ ដែលគេនឹងលែងហៅទីនេះថា តូផែត ឬថា ច្រកភ្នំរបស់កូនចៅហ៊ីនណំមទៀត គឺនឹងហៅថា ច្រកភ្នំសំឡេះវិញ
7 គ្រានោះ អញនឹងធ្វើឲ្យសេចក្តីប្រឹក្សារបស់ពួកស្រុកយូដា និងក្រុងយេរូសាឡិមសូន្យបាត់នៅទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង ឯសាកសពរបស់គេ អញនឹងប្រគល់ជាអាហារ ដល់សត្វហើរលើអាកាស និងសត្វជើង៤នៅផែនដី
8 អញនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូសឲ្យ អស់អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្តីវេទនារបស់ក្រុងនេះ
9 អញនឹងធ្វើឲ្យគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយគ្រប់គ្នានឹងស៊ីសាច់ភឿនមិត្ររបស់ខ្លួន ក្នុងគ្រាដែលពួកខ្មាំងឡោមព័ទ្ធ ហើយក្នុងសេចក្តីវេទនា ដែលពួកខ្មាំងសត្រូវនឹងធ្វើដល់គេ ដើម្បីរកប្រហារជីវិតគេ។