យេរេមា 19:4-10 KHOV

4 ដ្បិត​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​បង្អាប់​ទី​នេះ ព្រម​ទាំង​ដុត​កំញាន​នៅ​ទី​នេះ​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល ទោះ​ទាំង​ខ្លួន​គេ ពួក​ព្ធយុ‌កោ​គេ ឬ​ពួក​ស្តេច​សាសន៍​យូដា ក៏​មិន​បាន​ស្គាល់​ផង ហើយ​បាន​ធ្វើ​ឲ្យ​ទី​នេះ​ពេញ ដោយ​ឈាម​នៃ​មនុស្ស ដែល​ឥត​មាន​ទោស​ដែរ

5 គេ​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់​របស់​ព្រះ‌បាល​សំរាប់​នឹង​ដុត​កូន​ប្រុសៗ​របស់​គេ ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌បាល ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ ឬ​និយាយ​ឡើយ ក៏​មិន​បាន​ចូល​ក្នុង​គំនិត​អញ​ដែរ

6 ដូច្នេះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មើល​នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នេះ​ថា តូផែត ឬ​ថា ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម​ទៀត គឺ​នឹង​ហៅ​ថា ច្រក​ភ្នំ​សំឡេះ​វិញ

7 គ្រា​នោះ អញ​នឹង​ធ្វើ​ឲ្យ​សេចក្តី​ប្រឹក្សា​របស់​ពួក​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​សូន្យ​បាត់​នៅ​ទី​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​ដួល​ដោយ​ដាវ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ដោយ​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ​ផង ឯ​សាក‌សព​របស់​គេ អញ​នឹង​ប្រគល់​ជា​អាហារ ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​នៅ​ផែនដី

8 អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ អស់​អ្នក​ណា​ដែល​ដើរ​មក​ជិត គេ​នឹង​ភាំង​ឆ្ងល់ ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្តី​វេទនា​របស់​ក្រុង​នេះ

9 អញ​នឹង​ធ្វើ​ឲ្យ​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ស៊ី​សាច់​ភឿន‌មិត្រ​របស់​ខ្លួន ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្នុង​សេចក្តី​វេទនា ដែល​ពួក​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ដល់​គេ ដើម្បី​រក​ប្រហារ​ជីវិត​គេ។

10 លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​បំបែក​ក្អម​នោះ នៅ​មុខ​ពួក​មនុស្ស​ដែល​បាន​ទៅ​ជា​មួយ​នឹង​ឯង