យេរេមា 19:7-13 KHOV

7 គ្រា​នោះ អញ​នឹង​ធ្វើ​ឲ្យ​សេចក្តី​ប្រឹក្សា​របស់​ពួក​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​សូន្យ​បាត់​នៅ​ទី​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​ដួល​ដោយ​ដាវ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ដោយ​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ​ផង ឯ​សាក‌សព​របស់​គេ អញ​នឹង​ប្រគល់​ជា​អាហារ ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​នៅ​ផែនដី

8 អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ អស់​អ្នក​ណា​ដែល​ដើរ​មក​ជិត គេ​នឹង​ភាំង​ឆ្ងល់ ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្តី​វេទនា​របស់​ក្រុង​នេះ

9 អញ​នឹង​ធ្វើ​ឲ្យ​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ស៊ី​សាច់​ភឿន‌មិត្រ​របស់​ខ្លួន ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្នុង​សេចក្តី​វេទនា ដែល​ពួក​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ដល់​គេ ដើម្បី​រក​ប្រហារ​ជីវិត​គេ។

10 លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​បំបែក​ក្អម​នោះ នៅ​មុខ​ពួក​មនុស្ស​ដែល​បាន​ទៅ​ជា​មួយ​នឹង​ឯង

11 ហើយ​ត្រូវ​ប្រាប់​ដល់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​បែប​យ៉ាង​នេះ​ឯង ដែល​អញ​នឹង​បំបែក​បំបាក់​ជន‌ជាតិ​នេះ ហើយ​ទី​ក្រុង​នេះ​ផង គឺ​ដូច​ជា​អ្នក​ណា​បំបែក​ក្អម​របស់​ជាង​ស្មូន ឲ្យ​ផ្គុំ​ឡើង​វិញ​មិន​បាន​ដែរ ហើយ​មនុស្ស​នឹង​កប់​ខ្មោច​គេ​នៅ​ត្រង់​តូផែត ទាល់​តែ​គ្មាន​កន្លែង​ទៀត

12 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ធ្វើ​ដូច្នេះ​ដល់​ទី​នេះ ហើយ​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ គឺ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ទៅ​ដូច​ជា​តូផែត​ផង

13 អស់​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម និង​ដំណាក់​នៃ​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ហើយ នោះ​នឹង​បាន​ដូច​ជា​ទី​តូផែត​នេះ​ដែរ គឺ​អស់​ទាំង​ផ្ទះ​ណា​ដែល​គេ​បាន​ឡើង​ទៅ​លើ​ដំបូល ដើម្បី​ដុត​កំញាន​ថ្វាយ​ដល់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ច្រួច​ដង្វាយ​ថ្វាយ​ដល់​ព្រះ​ដទៃ​នោះ​ឯង។