9 អញនឹងធ្វើឲ្យគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយគ្រប់គ្នានឹងស៊ីសាច់ភឿនមិត្ររបស់ខ្លួន ក្នុងគ្រាដែលពួកខ្មាំងឡោមព័ទ្ធ ហើយក្នុងសេចក្តីវេទនា ដែលពួកខ្មាំងសត្រូវនឹងធ្វើដល់គេ ដើម្បីរកប្រហារជីវិតគេ។
10 លំដាប់នោះ ត្រូវឲ្យឯងបំបែកក្អមនោះ នៅមុខពួកមនុស្សដែលបានទៅជាមួយនឹងឯង
11 ហើយត្រូវប្រាប់ដល់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ គឺបែបយ៉ាងនេះឯង ដែលអញនឹងបំបែកបំបាក់ជនជាតិនេះ ហើយទីក្រុងនេះផង គឺដូចជាអ្នកណាបំបែកក្អមរបស់ជាងស្មូន ឲ្យផ្គុំឡើងវិញមិនបានដែរ ហើយមនុស្សនឹងកប់ខ្មោចគេនៅត្រង់តូផែត ទាល់តែគ្មានកន្លែងទៀត
12 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងធ្វើដូច្នេះដល់ទីនេះ ហើយដល់ពួកអ្នកដែលអាស្រ័យនៅ គឺនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ទៅដូចជាតូផែតផង
13 អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម និងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចដង្វាយថ្វាយដល់ព្រះដទៃនោះឯង។
14 រួចយេរេមាក៏វិលមកពីតូផែត ជាកន្លែងដែលព្រះយេហូវ៉ាបានចាត់ឲ្យលោកទៅទាយនោះ លោកក៏ឈរនៅទីលានព្រះវិហារនៃព្រះយេហូវ៉ា មានប្រសាសន៍ដល់បណ្តាជនទាំងឡាយថា
15 ព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ មើលអញនឹងនាំគ្រប់ទាំងសេចក្តីអាក្រក់មកលើក្រុងនេះ ហើយនឹងអស់ទាំងតំបន់នៅជុំវិញ ដូចជាអញបានប្រកាសប្រាប់ទាស់នឹងគេ ពីព្រោះគេបានតាំងចិត្តរឹងរូស ដើម្បីមិនឲ្យឮពាក្យរបស់អញឡើយ។