12 ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលថា ឱផ្ទៃមេឃអើយ ចូរឲ្យនឹកប្លែកពីដំណើរនេះ ហើយឲ្យភ័យស្បើមចុះ ត្រូវឲ្យមានចិត្តត្រមោចនៅ
13 ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។
14 តើអ៊ីស្រាអែលជាខ្ញុំបំរើលោះដោយប្រាក់ ឬជាខ្ញុំបំរើដែលកើតនៅផ្ទះចៅហ្វាយ ហេតុអ្វីបានជាគេត្រូវរឹបជាន់ដូច្នេះ
15 កូនសិង្ហទាំងប៉ុន្មានបានគ្រហឹម ហើយសន្ធាប់ដាក់គេ ហើយបានបំផ្លាញស្រុក ឯទីក្រុងគេទាំងប៉ុន្មានបានត្រូវឆេះអស់ហើយ ឥតមានអ្នកណានៅទៀត
16 ពួកក្រុងណូព និងក្រុងតាហាពេនេស គេបានបំបែកកំពូលក្បាលរបស់ឯងហើយ
17 តើឯងមិនបាននាំការនេះមកលើខ្លួនឯងទេឬអី ដោយឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ក្នុងកាលដែលទ្រង់កំពុងតែនាំឯងតាមផ្លូវនោះ
18 ចុះឥឡូវនេះ តើឯងមានការអ្វី បានជាទៅតាមផ្លូវទៅឯស្រុកអេស៊ីព្ទ ដោយប្រាថ្នាចង់ផឹកទឹកទន្លេស៊ីហោរដូច្នេះ ឬមានការអ្វីតាមផ្លូវទៅឯស្រុកអាសស៊ើរ ដើម្បីនឹងផឹកទឹកទន្លេនោះ