យេរេមា 2:13-19 KHOV

13 ដ្បិត​រាស្ត្រ​អញ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​២​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​អញ ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។

14 តើ​អ៊ីស្រា‌អែល​ជា​ខ្ញុំ​បំរើ​លោះ​ដោយ​ប្រាក់ ឬ​ជា​ខ្ញុំ​បំរើ​ដែល​កើត​នៅ​ផ្ទះ​ចៅ‌ហ្វាយ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​រឹប​ជាន់​ដូច្នេះ

15 កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ ហើយ​បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត

16 ពួក​ក្រុង​ណូព និង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​ឯង​ហើយ

17 តើ​ឯង​មិន​បាន​នាំ​ការ​នេះ​មក​លើ​ខ្លួន​ឯង​ទេ​ឬ​អី ដោយ​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ក្នុង​កាល​ដែល​ទ្រង់​កំពុង​តែ​នាំ​ឯង​តាម​ផ្លូវ​នោះ

18 ចុះ​ឥឡូវ​នេះ តើ​ឯង​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដើម្បី​នឹង​ផឹក​ទឹក​ទន្លេ​នោះ

19 អំពើ​ទុច្ចរិត​របស់​ឯង នឹង​វាយ‌ផ្ចាល​ឯង ហើយ​ការ​រា‌ថយ​របស់​ឯង នឹង​ស្តី​បន្ទោស​ឯង​វិញ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឥត​មាន​ចិត្ត​កោត‌ខ្លាច​ដល់​អញ​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។