5 ទ្រង់មានព្រះបន្ទូលសួរថា ពួកព្ធយុកោរបស់ឯងរាល់គ្នាបានឃើញមានសេចក្តីទុច្ចរិតយ៉ាងណានៅក្នុងអញ បានជាគេថយទៅឆ្ងាយពីអញដូច្នេះ ព្រមទាំងប្រព្រឹត្តតាមសេចក្តីឥតប្រយោជន៍ ហើយក៏ទៅជាឥតប្រយោជន៍គ្រប់គ្នាផង
6 គេក៏មិនបានសួរថា ព្រះយេហូវ៉ាដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ និងជង្ហុក គឺជាទីមានតែដីហួតហែង និងម្លប់នៃសេចក្តីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើទ្រង់នៅឯណា
7 អញក៏បាននាំឯងរាល់គ្នាចូលទៅក្នុងស្រុកដ៏សំបូរ ដើម្បីឲ្យបានបរិភោគផល និងរបស់ល្អនៃស្រុកនោះ ប៉ុន្តែកាលឯងរាល់គ្នាបានចូលទៅហើយ នោះបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ហើយឲ្យមរដករបស់អញបានត្រឡប់ជាទីស្អប់ខ្ពើមវិញ
8 ពួកសង្ឃក៏មិនបានសួរថា តើព្រះយេហូវ៉ាទ្រង់គង់នៅឯណាដែរ គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់អញទេ ពួកគ្រប់គ្រងបានប្រព្រឹត្តរំលងនឹងអញ ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ដែលឥតមានប្រយោជន៍អ្វីសោះ។
9 ហេតុដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងតវ៉ានឹងឯងរាល់គ្នាទៀត ហើយនឹងកូនចៅរបស់ឯងតទៅដែរ
10 ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មានរបស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើដែលមានអ្វីឲ្យដូចឬទេ
11 តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ តែរាស្ត្ររបស់អញបានដូរព្រះដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ដែលឥតមានប្រយោជន៍វិញ