យេរេមា 2:6-12 KHOV

6 គេ​ក៏​មិន​បាន​សួរ​ថា ព្រះ‌យេហូវ៉ា​ដែល​នាំ​យើង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​យើង​ដើរ​កាត់​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​វាល​ខ្សាច់ និង​ជង្ហុក គឺ​ជា​ទី​មាន​តែ​ដី​ហួត‌ហែង និង​ម្លប់​នៃ​សេចក្តី​ស្លាប់​ទទេ ជា​កន្លែង​ដែល​ឥត​មាន​មនុស្ស​ដើរ​កាត់ ឬ​មនុស្ស​ណា​អាស្រ័យ​នៅ​ឡើយ តើ​ទ្រង់​នៅ​ឯ​ណា

7 អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​សំបូរ ដើម្បី​ឲ្យ​បាន​បរិភោគ​ផល និង​របស់​ល្អ​នៃ​ស្រុក​នោះ ប៉ុន្តែ​កាល​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​អញ​ទៅ​ជា​ស្មោក‌គ្រោក ហើយ​ឲ្យ​មរដក​របស់​អញ​បាន​ត្រឡប់​ជា​ទី​ស្អប់​ខ្ពើម​វិញ

8 ពួក​សង្ឃ​ក៏​មិន​បាន​សួរ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ឯ​ណា​ដែរ គឺ​ពួក​អ្នក​ដែល​កាន់​ប្រើ​ក្រឹត្យ‌វិន័យ គេ​មិន​បាន​ស្គាល់​អញ​ទេ ពួក​គ្រប់‌គ្រង​បាន​ប្រព្រឹត្ត​រំលង​នឹង​អញ ហើយ​ពួក​ហោរា​បាន​ទាយ ដោយ​ព្រះ‌បាល​ផង គេ​បាន​ដើរ​តាម​តែ​របស់​ដែល​ឥត​មាន​ប្រយោជន៍​អ្វី​សោះ។

9 ហេតុ​ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​តវ៉ា​នឹង​ឯង​រាល់​គ្នា​ទៀត ហើយ​នឹង​កូន​ចៅ​របស់​ឯង​ត​ទៅ​ដែរ

10 ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន​របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​ដែល​មាន​អ្វី​ឲ្យ​ដូច​ឬ​ទេ

11 តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ តែ​រាស្ត្រ​របស់​អញ​បាន​ដូរ​ព្រះ​ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់​ដែល​ឥត​មាន​ប្រយោជន៍​វិញ

12 ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌បន្ទូល​ថា ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ឲ្យ​នឹក​ប្លែក​ពី​ដំណើរ​នេះ ហើយ​ឲ្យ​ភ័យ​ស្បើម​ចុះ ត្រូវ​ឲ្យ​មាន​ចិត្ត​ត្រមោច​នៅ