1 រីឯផាសហ៊ើរ ជាកូនអ៊ីមមើរដ៏ជាសង្ឃ ដែលជានាយកធំក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកបានឮកំពុងដែលយេរេមាទាយសេចក្តីទាំងនេះ
2 ដូច្នេះ លោកក៏វាយហោរាយេរេមា ហើយយកទៅដាក់គុក ដែលនៅត្រង់ទ្វារបេនយ៉ាមីនខាងលើ នាកំផែងរបស់ព្រះវិហារនៃព្រះយេហូវ៉ា
3 លុះដល់ស្អែកឡើងផាសហ៊ើរក៏នាំយេរេមាចេញពីគុកមក ខណៈនោះ យេរេមាប្រាប់លោកថា ព្រះយេហូវ៉ាទ្រង់មិនបានហៅឈ្មោះលោកថា ផាសហ៊ើរ នោះទេ គឺហៅថា ម៉ាកោរ-មីស្សាប៊ីបវិញ
4 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យឯងជាទីស្ញែងខ្លាចដល់ខ្លួន ហើយដល់អស់ទាំងមិត្រសំឡាញ់របស់ឯងផង គេនឹងដួលដោយដាវរបស់ពួកខ្មាំងសត្រូវ ហើយភ្នែករបស់ឯងនឹងឃើញដែរ អញនឹងប្រគល់ស្រុកយូដាទាំងមូល ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងនាំគេទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ព្រមទាំងសំឡាប់គេដោយដាវផង
5 ១ទៀតអញនឹងប្រគល់អស់ទាំងទ្រព្យសម្បត្តិនៃក្រុងនេះ ហើយផលដែលកើតមានទាំងប៉ុន្មាន ព្រមទាំងរបស់ថ្លៃវិសេសទាំងអស់ផង អើអញនឹងប្រគល់ព្រះរាជទ្រព្យ របស់ពួកស្តេចស្រុកយូដាទាំងប៉ុន្មាន ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ពួកនោះនឹងចាប់យកជារបឹប នាំទៅឯស្រុកបាប៊ីឡូន
6 ឯឯងផាសហ៊ើរអើយ ឯង និងអស់អ្នកដែលអាស្រ័យនៅផ្ទះឯង នឹងត្រូវដឹកនាំទៅជាឈ្លើយ គឺឯងនឹងត្រូវទៅដល់ក្រុងបាប៊ីឡូន នៅទីនោះឯងនឹងត្រូវស្លាប់ ហើយគេនឹងកប់ឯងនៅស្រុកនោះ គឺទាំងឯង និងពួកមិត្រសំឡាញ់ឯងដែលឯងបានទាយកុហកដល់គេនោះផង។
7 ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ ហើយទូលបង្គំក៏បណ្តោយតាម ទ្រង់មានកំឡាំងជាង ក៏បានឈ្នះទូលបង្គំហើយ ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ