10 ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្តីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរសប្រាប់ចុះ នោះយើងនឹងសប្រាប់ដូចគ្នា ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះយើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា
11 ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត ពីព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្តីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឥតភ្លេចបានឡើយ
12 ប៉ុន្តែឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត និងថ្លើមអើយ សូមឲ្យទូលបង្គំឃើញទ្រង់សងសឹកនឹងគេ ដ្បិតទូលបង្គំបានសំដែងដើមហេតុនៃទូលបង្គំដល់ទ្រង់ហើយ
13 ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។
14 សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្តាសាចុះ កុំឲ្យថ្ងៃ ដែលម្តាយបានសំរាលខ្ញុំចេញមកនោះ បានពរឡើយ
15 សូមឲ្យត្រូវបណ្តាសា ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំមានសេចក្តីអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ
16 សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសំរែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់