7 ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ ហើយទូលបង្គំក៏បណ្តោយតាម ទ្រង់មានកំឡាំងជាង ក៏បានឈ្នះទូលបង្គំហើយ ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ
8 ដ្បិតវេលាណាដែលទូលបង្គំនិយាយ នោះទូលបង្គំស្រែកឡើង ទូលបង្គំបន្លឺពីការច្រឡោត និងការបំផ្លាញទទេ ពីព្រោះគេយកព្រះបន្ទូលនៃព្រះយេហូវ៉ា ធ្វើឲ្យត្រឡប់ជាសេចក្តីដំនៀលដល់ទូលបង្គំ ហើយជាសេចក្តីឡកឡឺយឲ្យទូលបង្គំជានិច្ចរាល់ថ្ងៃ
9 តែបើកាលណាទូលបង្គំសំរេចថា មិននិយាយដំណាលពីទ្រង់ ឬនិយាយដោយនូវព្រះនាមទ្រង់ទៀតឡើយ នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត
10 ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្តីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរសប្រាប់ចុះ នោះយើងនឹងសប្រាប់ដូចគ្នា ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះយើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា
11 ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត ពីព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្តីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឥតភ្លេចបានឡើយ
12 ប៉ុន្តែឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត និងថ្លើមអើយ សូមឲ្យទូលបង្គំឃើញទ្រង់សងសឹកនឹងគេ ដ្បិតទូលបង្គំបានសំដែងដើមហេតុនៃទូលបង្គំដល់ទ្រង់ហើយ
13 ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។