10 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានតាំងមុខទាស់នឹងទីក្រុងនេះ សំរាប់ជាការអាក្រក់ មិនមែនជាការល្អទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងដុតដោយភ្លើងចោល។
11 ត្រូវឲ្យឯងប្រាប់ពីដំណើរវង្សានៃស្តេចយូដាថា ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
12 ឱពួកវង្សដាវីឌអើយ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរសំរេចតាមសេចក្តីយុត្តិធម៌ ចាប់តាំងពីពេលព្រលឹមស្រាងចុះ ហើយដោះអ្នកណាដែលត្រូវគេប្លន់ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះផង ក្រែងសេចក្តីក្រោធរបស់អញចេញទៅដូចជាភ្លើង ហើយឆេះជាខ្លាំង ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពន្លត់បានឡើយ ដោយព្រោះអំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្ត
13 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នែ ឯងដែលអាស្រ័យនៅច្រកភ្នំ ជាថ្មដានៅវាលអើយ អញទាស់នឹងឯងហើយ ឯងអួតថា តើអ្នកណានឹងចុះមកទាស់នឹងយើង ឬអ្នកណានឹងចូលមកក្នុងទីលំនៅរបស់យើងបាន
14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងផ្ចាលឯងឲ្យសមតាមផលការដែលឯងបានប្រព្រឹត្ត គឺអញនឹងបង្កាត់ភ្លើងនៅក្នុងព្រៃឯង ភ្លើងនោះនឹងឆេះបំផ្លាញរបស់ទាំងអស់ដែលនៅជុំវិញផង។