1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរចុះទៅឯដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ
2 គឺប្រាប់ថា ឱស្តេចសាសន៍យូដាដែលគង់លើបល្ល័ង្កនៃដាវីឌ ព្រមទាំងពួកមហាតលិក និងបណ្តាជនរបស់ទ្រង់ដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
3 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរសំរេចសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំឲ្យរឹបជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា និងស្រីមេម៉ាយឡើយ ក៏កុំឲ្យកំចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ
4 ដ្បិតបើសិនជាឯងរាល់គ្នានឹងធ្វើតាមពាក្យនេះជាប្រាកដ នោះនឹងមានស្តេចដែលគង់លើបល្ល័ង្កដាវីឌជិះរាជរថ និងសេះយាងចូលតាមទ្វារនេះ ព្រមទាំងពួកមហាតលិក និងរាស្ត្ររបស់ទ្រង់ផង
5 តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ នោះព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ អញស្បថនឹងខ្លួនអញថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង
6 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរដំណាក់នៃស្តេចយូដាដូច្នេះ ឯងទុកដូចជាស្រុកកាឡាត ហើយដូចកំពូលភ្នំល្បាណូនដល់អញ ប៉ុន្តែប្រាកដជាអញនឹងធ្វើឲ្យឯងទៅជាទីស្ងាត់ជ្រងំវិញ ជាទីក្រុងដែលឥតមានមនុស្សនៅ