15 តើត្រូវឲ្យឯងសោយរាជ្យ ដោយព្រោះតែឯងមានចិត្តសង្វាត និងចំរើនឈើតាត្រៅឬអី ឯឪពុកឯង តើមិនបានស៊ី ហើយផឹកដែរទេឬអី ប៉ុន្តែបានប្រព្រឹត្តសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ
16 គាត់បានកាត់ក្តីឲ្យពួកក្រីក្រ និងពួកកំសត់ទុគ៌ត ដូច្នេះ ក៏មានសេចក្តីសុខ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា ដែលប្រព្រឹត្តដូច្នោះ តើមិនមែនជាស្គាល់ដល់អញទេឬអី
17 តែឯភ្នែកឯង និងចិត្តឯង នោះរកតែបំពេញសេចក្តីលោភរបស់ឯងវិញ ក៏កំចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងរឹបជាន់ និងប្រព្រឹត្តសេចក្តីច្រឡោតផងប៉ុណ្ណោះ
18 ហេតុនោះព្រះយេហូវ៉ា ក៏មានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចសាសន៍យូដាដូច្នេះថា មនុស្សនឹងមិនសោកស្តាយដោយពាក្យថា ឱបង ឱប្អូនអើយ ក៏មិនដែលសោកស្តាយថា ឱព្រះអម្ចាស់អើយ ឬថាព្រះករុណាដ៏ឧត្តមអើយ នោះឡើយ
19 គេនឹងកប់សពយេហូយ៉ាគីម ដូចជាកប់ខ្មោចសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិមបង់។
20 ចូរឡើងទៅលើភ្នំល្បាណូន ហើយស្រែកឡើង ចូរបន្លឺសំឡេងនៅស្រុកបាសាន ហើយស្រែកពីភ្នំអាបារីមចុះ ពីព្រោះបណ្តាសហាយរបស់ឯងបានត្រូវបំផ្លាញហើយ
21 កាលនៅគ្រាសំបូរ នោះអញបាននិយាយនឹងឯងហើយតែឯងឆ្លើយតបថា យើងមិនព្រមស្តាប់ទេ គឺបែបយ៉ាងនេះ ដែលបានប្រព្រឹត្ត តាំងតែពីក្មេងមក គឺមិនព្រមស្តាប់តាមពាក្យអញឡើយ