យេរេមា 22:20-26 KHOV

20 ចូរ​ឡើង​ទៅ​លើ​ភ្នំ​ល្បាណូន ហើយ​ស្រែក​ឡើង ចូរ​បន្លឺ​សំឡេង​នៅ​ស្រុក​បាសាន ហើយ​ស្រែក​ពី​ភ្នំ​អាបារីម​ចុះ ពី​ព្រោះ​បណ្តា​សហាយ​របស់​ឯង​បាន​ត្រូវ​បំផ្លាញ​ហើយ

21 កាល​នៅ​គ្រា​សំបូរ នោះ​អញ​បាន​និយាយ​នឹង​ឯង​ហើយ​តែ​ឯង​ឆ្លើយ​តប​ថា យើង​មិន​ព្រម​ស្តាប់​ទេ គឺ​បែប​យ៉ាង​នេះ ដែល​បាន​ប្រព្រឹត្ត តាំង​តែ​ពី​ក្មេង​មក គឺ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ​ឡើយ

22 ខ្យល់​នឹង​ស៊ី​បំផ្លាញ​ពួក​គង្វាល​របស់​ឯង ហើយ​ពួក​សហាយ​របស់​ឯង​នឹង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ដូច្នេះ ឯង​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​ឯង​ប្រព្រឹត្ត​ជា​មិន​ខាន

23 ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ព្រៃ​ល្បាណូន ដែល​ធ្វើ​សំបុក​នៅ​ដើម​តាត្រៅ​អើយ កាល​ណា​សេចក្តី​ទុក្ខ​វេទនា​មក​លើ​ឯង ដូច​ជា​ស្ត្រី​ដែល​ឈឺ​ចាប់​នឹង​សំរាល​កូន នោះ​ឯង​នឹង​គួរ​អាណិត​យ៉ាង​ណា​ទៅ។

24 ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​សាសន៍​យូដា​ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​អញ​ក៏​ដោយ គង់​តែ​អញ​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ

25 អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​ឯង ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​បាន​ខ្លាច​នោះ គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ខាល់ដេ​ផង

26 អញ​នឹង​បោះ​ឯង​ចោល​ចេញ ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​ឯង​ផង ទៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​ឯង ហើយ​ឯង​នឹង​ស្លាប់ នៅ​ក្នុង​ស្រុក​នោះ