23 ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសំបុកនៅដើមតាត្រៅអើយ កាលណាសេចក្តីទុក្ខវេទនាមកលើឯង ដូចជាស្ត្រីដែលឈឺចាប់នឹងសំរាលកូន នោះឯងនឹងគួរអាណិតយ៉ាងណាទៅ។
24 ព្រះយេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចសាសន៍យូដាជាចិញ្ចៀនត្រានៅដៃស្តាំអញក៏ដោយ គង់តែអញនឹងកន្ត្រាក់ចេញទៅដែរ
25 អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតឯង ហើយក្នុងកណ្តាប់ដៃនៃពួកអ្នកដែលឯងបានខ្លាចនោះ គឺក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយក្នុងកណ្តាប់ដៃនៃសាសន៍ខាល់ដេផង
26 អញនឹងបោះឯងចោលចេញ ព្រមទាំងម្តាយដែលបង្កើតឯងផង ទៅក្នុងស្រុក១ដែលមិនមែនជាស្រុកកំណើតរបស់ឯង ហើយឯងនឹងស្លាប់ នៅក្នុងស្រុកនោះ
27 តែឯស្រុកដែលចិត្តគេរឭកចង់វិលទៅនៅវិញនោះ គេនឹងមិនត្រឡប់ទៅនៅវិញឡើយ
28 ឯមនុស្សឈ្មោះយេកូនាសនេះ តើជាភាជនៈកំបែក ហើយសំអប់ឬអី តើជាប្រដាប់ដែលឥតមានអ្នកណាពេញចិត្តដែរឬ ហេតុអ្វីបានជាគេត្រូវបោះចេញដូច្នេះ ព្រមទាំងពូជពង្សរបស់គេផង គឺបោះចោលទៅនៅស្រុក១ដែលគេមិនស្គាល់នោះ
29 ឱផែនដី ផែនដី ផែនដីអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ