យេរេមា 22:24-30 KHOV

24 ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​សាសន៍​យូដា​ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​អញ​ក៏​ដោយ គង់​តែ​អញ​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ

25 អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​ឯង ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​បាន​ខ្លាច​នោះ គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ខាល់ដេ​ផង

26 អញ​នឹង​បោះ​ឯង​ចោល​ចេញ ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​ឯង​ផង ទៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​ឯង ហើយ​ឯង​នឹង​ស្លាប់ នៅ​ក្នុង​ស្រុក​នោះ

27 តែ​ឯ​ស្រុក​ដែល​ចិត្ត​គេ​រឭក​ចង់​វិល​ទៅ​នៅ​វិញ​នោះ គេ​នឹង​មិន​ត្រឡប់​ទៅ​នៅ​វិញ​ឡើយ

28 ឯ​មនុស្ស​ឈ្មោះ​យេកូនាស​នេះ តើ​ជា​ភាជនៈ​កំបែក ហើយ​សំអប់​ឬ​អី តើ​ជា​ប្រដាប់​ដែល​ឥត​មាន​អ្នក​ណា​ពេញ​ចិត្ត​ដែរ​ឬ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​បោះ​ចេញ​ដូច្នេះ ព្រម​ទាំង​ពូជ‌ពង្ស​របស់​គេ​ផង គឺ​បោះ​ចោល​ទៅ​នៅ​ស្រុក​១​ដែល​គេ​មិន​ស្គាល់​នោះ

29 ឱ​ផែនដី ផែនដី ផែនដី​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

30 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន ជា​មនុស្ស​ដែល​នឹង​មិន​ចំរើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ ដ្បិត​នឹង​គ្មាន​ពូជ‌ពង្ស​គេ​ណា​មួយ ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក​នៃ​ដាវីឌ ហើយ​គ្រប់​គ្រង​លើ​ស្រុក​យូដា​បាន​ទៀត​ឡើយ។