1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកំចាត់កំចាយហ្វូងចៀមនៃទីឃ្វាលរបស់អញ
2 ហេតុនោះព្រះយេហូវ៉ា ជាព្រះនៃពួកសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលទាស់នឹងពួកអ្នកគង្វាលដែលឃ្វាលជនជាតិរបស់ខ្ញុំ ដូច្នេះថា ឯងរាល់គ្នាបានកំចាត់កំចាយហ្វូងចៀមរបស់អញ ហើយបណ្តេញចេញបង់ ឥតមើលរក្សាវាឡើយ ដូច្នេះ អញនឹងទំលាក់អំពើអាក្រក់របស់ឯងរាល់គ្នាទៅលើឯងវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
3 រួចអញនឹងប្រមូលសំណល់នៃហ្វូងរបស់អញ ចេញពីគ្រប់ទាំងស្រុក ដែលអញបានបណ្តេញគេទៅនោះ ហើយនាំវិលត្រឡប់មកឯក្រោលគេវិញ នោះគេនឹងបង្កើតផល ហើយចំរើនឡើង
4 អញនឹងតាំងអ្នកគង្វាលលើគេដែលនឹងឃ្វាលគេ គ្រានោះគេនឹងមិនភ័យ ឬស្រយុតចិត្តទៀតឡើយ ក៏មិនដែលបាត់បង់ណាមួយដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
5 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងបង្កើតឲ្យដាវីឌមានលំពង់សុចរិត១ លំពង់នោះទ្រង់នឹងសោយរាជ្យទុកដូចជាស្តេច ហើយនឹងប្រព្រឹត្តដោយវាងវៃ ព្រមទាំងសំរេចសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅក្នុងស្រុកផង
6 នៅគ្រារបស់ទ្រង់ ពួកយូដានឹងបានសង្គ្រោះ ហើយពួកអ៊ីស្រាអែលនឹងនៅដោយសន្តិសុខ ឯព្រះនាមដែលគេនឹងហៅទ្រង់ នោះគឺ«ព្រះយេហូវ៉ាដ៏ជាសេចក្តីសុចរិតនៃយើងរាល់គ្នា»
7 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺហេតុនោះបានជាមានគ្រាមកដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក