យេរេមា 23:10-16 KHOV

10 ដ្បិត​ស្រុក​នេះ​មាន​ពេញ​ដោយ​មនុស្ស​ដែល​ប្រព្រឹត្ត​កំផិត ហើយ​ស្រុក​ក៏​យំ​សោក​ដោយ​ព្រោះ​សេចក្តី​បណ្តាសា អស់​ទាំង​ទី​ឃ្វាល​សត្វ នៅ​ទី​រហោ‌ស្ថាន បាន​ហួត‌ហែង​អស់​ហើយ គេ​រត់​តាម​តែ​សេចក្តី​អាក្រក់ ហើយ​គេ​ប្រើ​អំណាច​សំរាប់​តែ​ការ​ទុច្ចរិត​ទេ

11 ដ្បិត​ទាំង​ហោរា និង​សង្ឃ​ផង សុទ្ធ​តែ​ស្មោក‌គ្រោក​ទាំង​អស់​គ្នា អើ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឃើញ​អំពើ​អាក្រក់​របស់​គេ នៅ​ក្នុង​ព្រះ‌វិហារ​របស់​អញ​ផង

12 ហេតុ​នោះ​ផ្លូវ​របស់​គេ​នឹង​បាន​ដូច​ជា​កន្លែង​រឥល​នៅ​ទី​ងងឹត​ដល់​គេ គេ​នឹង​ត្រូវ​ច្រាន​ទៅ ហើយ​ដួល​ចុះ​នៅ​ទី​នោះ ដ្បិត​អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​គេ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​ដល់​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

13 អញ​បាន​ឃើញ​សេចក្តី​ចំកួត​ក្នុង​ពួក​ហោរា នៅ​ក្រុង​សាម៉ារី​ដែរ គេ​ទាយ​ទំនាយ​ដោយ‌សារ​ព្រះ‌បាល ក៏​នាំ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ឲ្យ​វង្វេង​ដែរ

14 ឯ​ក្នុង​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម នោះ​អញ​ក៏​ឃើញ​មាន​សេចក្តី​គួរ​ស្បើម​ណាស់​ដែរ គេ​ប្រព្រឹត្ត​សេចក្តី​កំផិត ហើយ​ដើរ​តាម​តែ​សេចក្តី​កំភូត​ទទេ គេ​ចំរើន​កំឡាំង​ដៃ​នៃ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​មួយ​វិល​ត្រឡប់​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ឡើយ គេ​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុំម​ទាំង​អស់​គ្នា ពួក​អ្នក​នៅ​ក្រុង​នេះ ក៏​ដូច​ជា​ក្រុង​កូម៉ូរ៉ា ដល់​អញ​ហើយ

15 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​ហោរា​ដូច្នេះ​ថា មើល​អញ​នឹង​ចិញ្ចឹម​គេ​ដោយ​ស្លែង ហើយ​នឹង​ឲ្យ​គេ​ផឹក​ទឹក​ពុល ដ្បិត​មាន​សេចក្តី​ល្មើស​ចំពោះ​ព្រះ បាន​ចេញ​ពី​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​ពេញ​ក្នុង​ស្រុក​ហើយ។

16 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ឲ្យ​សោះ គេ​នាំ​ឯង​រាល់​គ្នា​ឲ្យ​វង្វេង​ទេ គេ​សំដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​ខ្លួន​គេ មិន​មែន​ជា​សេចក្តី​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ នៃ​ព្រះ‌យេហូវ៉ា​ឡើយ