13 អញបានឃើញសេចក្តីចំកួតក្នុងពួកហោរា នៅក្រុងសាម៉ារីដែរ គេទាយទំនាយដោយសារព្រះបាល ក៏នាំពួកអ៊ីស្រាអែល ជារាស្ត្រអញឲ្យវង្វេងដែរ
14 ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម នោះអញក៏ឃើញមានសេចក្តីគួរស្បើមណាស់ដែរ គេប្រព្រឹត្តសេចក្តីកំផិត ហើយដើរតាមតែសេចក្តីកំភូតទទេ គេចំរើនកំឡាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដល់ម៉្លេះបានជាគ្មានអ្នកណាមួយវិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុំមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ា ដល់អញហើយ
15 ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលពីដំណើរពួកហោរាដូច្នេះថា មើលអញនឹងចិញ្ចឹមគេដោយស្លែង ហើយនឹងឲ្យគេផឹកទឹកពុល ដ្បិតមានសេចក្តីល្មើសចំពោះព្រះ បានចេញពីពួកហោរានៅក្រុងយេរូសាឡិមទៅពេញក្នុងស្រុកហើយ។
16 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលគេទាយប្រាប់ឯងរាល់គ្នាឲ្យសោះ គេនាំឯងរាល់គ្នាឲ្យវង្វេងទេ គេសំដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តខ្លួនគេ មិនមែនជាសេចក្តីដែលចេញពីព្រះឱស្ឋ នៃព្រះយេហូវ៉ាឡើយ
17 គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយអញថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្តីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្តីអាក្រក់ណាកើតដល់ឯងរាល់គ្នាឡើយ
18 ដ្បិតតើអ្នកណាបានឈរក្នុងពួកប្រឹក្សានៃព្រះយេហូវ៉ា ឲ្យបានឃើញ ហើយឮព្រះបន្ទូលរបស់ទ្រង់ តើអ្នកណាបានប្រុងស្តាប់ ហើយឮព្រះបន្ទូលនៃទ្រង់
19 មើល ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្តីក្រោធរបស់ទ្រង់ បានចេញទៅហើយ អើ ជាព្យុះកួចដែលនឹងធ្លាយមក លើក្បាលរបស់ពួកមនុស្សអាក្រក់